គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ឱ្យព័ត៌មាន The Wall Street Journal សុំទោសកម្ពុជា
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានស្នើឱ្យព័ត៌មាន The Wall Street Journal ត្រូវសុំទោសកម្ពុជា ក្រោយដាក់ចំណងជើងថា “Scambodia” នៅក្នុងអត្ថបទរបស់ខ្លួន។
ការស្នើឱ្យភាគីថៃ លុបពាក្យ “Scambodia”នេះ ដោយសារព័ត៌មាន The Wall Street Journalកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានចេញផ្សាយដោយ ដាក់ចំណងជើងថា “Scambodia” ។
បើតាមលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ការហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” ក្នុងអត្ថបទមួយរបស់សារព័ត៌មាន The Wall Street Journal កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជាការបង្ហាញពីកង្វះវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេស និងប្រជាជនកម្ពុជាជិត១៨លាននាក់ ដែលត្រូវបានធានាការពារ ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
លិខិតជាភាសាអង់គ្លេសផ្ញើទៅ The Wall Street Journal បានឱ្យដឹងទៀតថា សេរីភាព នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ពិតជាមានតួនាទីសំខាន់ ក្នុងសង្គម ប៉ុន្តែសេរីភាពទាំងនេះ ត្រូវតែអនុវត្តដោយការទទួលខុសត្រូវ និងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល ដូចមានចែងក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម។ ចំណងជើងព័ត៌មាន ថ្វីត្បិតតែដើម្បីទាក់ទាញការចាប់អារម្មណ៍ ប៉ុន្តែមិនគួរក្លាយទៅជាការលាបពណ៌ ការបំផ្លើស ការបំភ្លៃហួសពីការពិតនោះទេ ដែលការណ៍នេះ នឹងធ្វើឱ្យបាត់បង់ជំនឿជឿជាក់និងគុណតម្លៃនៃសេរីភាពសារព័ត៌មានជាមិនខានឡើយ។
ដោយមើលឃើញពីការរំលោភ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសិទ្ធិសេរីភាពជាមូលដ្ឋាន របស់ប្រទេសនិងប្រជាជនកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើទៅកាន់ The Wall Street Journal ឱ្យលុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់ , ចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ ដែលត្រឹមត្រូវ និងមានតុល្យភាព , ជៀសវាងការប្រើប្រាស់ ពាក្យពេចន៍ប្រមាថ នៅក្នុងការផ្សាយនាពេលអនាគត , ធ្វើការសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើង និងកែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ៕
