ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ M&E ឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តផែនការ យុទ្ធសាស្ត្រ ២០២៤-២០២៨

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) ឌីជីថលនៃការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ (ផ.យ.អ.ក.ស.ប.)» នៅទីស្តីការក្រសួង ក្រោមអធិបតីភាព របស់លោកបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការ​និងជាប្រធានអនុគណៈកម្មការគាំទ្រ បច្ចេកទេស M&E ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងមន្ត្រីបង្គោល M&E ប្រមាណ ១៥០រូប មកពីអង្គភាពក្រោមឱវាទក្រសួង ។

ក្នុងឱកាសនេះ លោកអនុរដ្ឋលេខាធិការ បានលើកឡើងថា គោលបំណងចម្បង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាព មន្ត្រីបង្គោល ក្នុងការប្រើប្រាស់ប្រព័ន្ធ M&E ឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព ដែលឧបករណ៍នេះ គឺជាគន្លឹះសម្រាប់ការតាមដានវឌ្ឍនភាព វាស់វែងលទ្ធផល និងគាំទ្រការសម្រេចចិត្តផ្អែកលើភស្តុតាង។ ប្រព័ន្ធនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាព ស្របតាមទិសដៅអាទិភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា ក្រសួងបានពង្រឹងយន្តការការងារ និងការទទួលខុសត្រូវ នៅគ្រប់កម្រិត ដើម្បីធានាថាប្រព័ន្ធ M&E នឹងក្លាយជាមូលដ្ឋាន សម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក្រសួងរំពឹងថា នឹងបង្កើនគុណភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ និងសម្រេចបាន តាមគោលដៅដែលបានកំណត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ក្រសួង រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ បានផ្ដោតសំខាន់លើការ តម្រង់ទិសប្រព័ន្ធ M&E ទៅរក «ការគ្រប់គ្រងលទ្ធផល» ដោយមិនត្រឹម តែជាការរាយការណ៍ធម្មតា ប៉ុន្តែថែមទាំងត្រូវផ្ដោតលើការវាស់វែង ខ្សែច្រវាក់លទ្ធផល ការតម្រឹម និងការកែលម្អវិធានការគោលនយោបាយ ដើម្បីផ្ដល់ នូវព័ត៌មានប្រកបដោយគុណភាព សម្រាប់ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ និងភស្តុតាងច្បាស់លាស់។

ការបណ្ដុះបណ្ដាលនេះ បានរំលេចបន្ថែមលើការកំណត់ ការវាស់វែង និងការវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តសូចនាករលក្ខណៈបែបបរិមាណវិស័យ និងបែបគុណវិស័យ ដើម្បីធានាថាទិន្នន័យមានភាពច្បាស់លាស់ និងឆ្លុះបញ្ចាំងលទ្ធផលពិតប្រាកដ នៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ជាមួយនឹងការប្រើប្រាស់មុខងារថ្មីៗ នៃប្រព័ន្ធឌីជីថល ដែលអនុញ្ញាតឱ្យអង្គភាពជំនាញនីមួយៗ អាចធ្វើបច្ចុប្បន្នភាព និងរាយការណ៍អំពីវឌ្ឍនភាព ការងារកាន់តែងាយស្រួល មានភាពបត់បែនជាងមុន និងកាន់តែលឿនរហ័ស ស្របទៅតាមស្ថានភាពជាក់ស្តែង ។ ទន្ទឹមនេះ វគ្គបណ្តុះបណ្តាល ក៏បានបង្ហាញឡើងវិញ នូវរចនាសម្ព័ន្ធផែនការយុទ្ធសាស្ត្រ ដែលរួមមានយុទ្ធសាស្ត្របច្ចេកទេសចំនួន ៥ និងយុទ្ធសាស្ត្រគាំទ្រចំនួន ១ នៃ ផ.យ.អ.ក.ស.ប. ដែលយុទ្ធសាស្ត្រនីមួយៗ ត្រូវបានបែងចែកជាកម្មវិធីអាទិភាព ចង្កោមសកម្មភាព និងសកម្មភាពជាក់ស្តែងជាច្រើន ៕

To Top