ព័ត៌មានជាតិ

កម្ពុជាប្ដេជ្ញាចិត្តខ្ពស់ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីពង្រឹងសន្តិសុខឌីជីថល

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់ដើម្បីលុបបំបាត់បទល្មើសឆ្លងដែន និងការពារសុវត្ថិភាពក្នុងយុទ្ធសាស្ត្រឌីជីថល រដ្ឋបាលខេត្តព្រះវិហារបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពី ការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់   ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារដឹកនាំផ្សព្វផ្សាយផែនការថ្នាក់ជាតិ។

ចំណុចសំខាន់ៗនៃយុទ្ធនាការ
ការពង្រឹងយន្តការបង្ក្រាប កិច្ចប្រជុំបានសង្កត់ធ្ងន់លើការដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់ ដើម្បីស្វែងរក និងបង្ក្រាបរាល់សម្បុកបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលបង្កហានិភ័យដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ។
 
កិច្ចសហការអន្តរវិស័យ៖ការជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ ដើម្បីធានាថា កម្ពុជាមិនមែនជាជម្រកនៃបទល្មើសបច្ចេកវិទ្យា។

ការយល់ដឹងជាសាធារណៈ៖ ផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីល្បិចកលរបស់ជនខិលខូច ដើម្បីបង្ការខ្លួនពីការចាញ់បោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដែលកាន់តែមានភាពស្មុគស្មាញ។

ការធានានិរន្តរភាពនៃយុទ្ធនាការនេះ គឺជាកិច្ចការអាទិភាព ដើម្បីកសាងទំនុកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាជាសកល។

តាមប្រសាសន៍ លោ្ក អ៊ុំ ម៉ារ៉ា
បរិបទ និង សារៈសំខាន់ការរៀបចំផែនការនេះ ឆ្លុះបញ្ចាំងពីឆន្ទៈមោះមុតរបស់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ ខេត្តព្រះវិហារ ទោះបីជាខេត្តជាប់ព្រំដែន ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរឹតបន្តឹងសន្តិសុខ ដើម្បីទប់ស្កាត់ការរីករាលដាលនៃបទល្មើសសាយប័រ (Cybercrimes) ដែលជាបញ្ហាប្រឈមរួមរបស់ពិភពលោក។

តាមរយៈកិច្ចប្រជុំនេះ កម្ពុជាបានផ្ញើសារយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិអំពី ភាពម៉ឺងម៉ាត់ ការទទួលខុសត្រូវនិង កិច្ចសហប្រតិបត្តិការ ក្នុងការធ្វើឱ្យបរិយាកាសឌីជីថលមានភាពស្អាតស្អំ និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប៕

ដោយ៖ សួន ពិសិត| ដើមអម្ពិល

To Top