ព័ត៌មានជាតិ

កម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួម ពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន

ភ្នំពេញ ៖ ក្នុងកិច្ចសន្ទនាយុទ្ធសាស្ដ្រ ២+២ លើកទីមួយ រវាង កម្ពុជា និងចិន ភាគីទាំងពីរ បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើង នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្ត នៃសភាពការណ៍តំបន់ និងអន្តរជាតិ។

នេះបើយោងតាមលទ្ធផល នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ចេញផ្សាយដោយ ក្រសួងការបរទេសកម្ពុជា។

កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំង ឱ្យឃើញពីការប្តេជ្ញា ចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួល ជាយុទ្ធសាស្ត្រ និងជំរុញការ កសាងសហគមន៍វាសនា រួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងថា ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ និងប្រកបដោយមហិច្ឆតា ដែល បង្ហាញពីភាពធន់ និងភាពចាស់ទុំកាន់តែខ្លាំងឡើង និងបានបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំ រវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំទ្រឥត ងាកររចំពោះផលប្រយោជន៍ ស្នូលរបស់គ្នាទៅវិញទៅមក។

ក្នុងន័យនេះ កម្ពុជា គាំទ្រយ៉ាងមុតមាំចំពោះ ដែលបានដាក់ចេញ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជាគំនិតផ្តួចផ្តើមសកលទាំងបួន ប្រធានាធិបតី ស៊ី ជីនពីង ស្តីពីការអភិវឌ្ឍ សន្តិសុខ អរិយធម៌និងអភិបាលកិច្ច។

កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងពីទស្សនៈរួមរវាងប្រទេសទាំងពីរ លើបញ្ហានយោបាយ សន្ដិសុខ សេដ្ឋកិច្ច ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្របសម្រួល ក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ។

ភាគីទាំងពីរ បានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុងការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នា ឆ្លើយតប ចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកល លោក។

ភាគីទាំងពីរ ក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួង មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បី ឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ៕

To Top