ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន បន្តរឹតបន្តឹងការត្រួតពិនិត្យជនបរទេសខុសច្បាប់ ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ប៉ៃលិន៖ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតបទល្មើសនានាឲ្យអស់ពីប្រទេសកម្ពុជា នៅរាត្រីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្ត ឲ្យបន្តបេសកកម្មចុះអនុវត្តវិធានការត្រួតពិនិត្យតាមដងផ្លូវជាតិសំខាន់ៗ ជាពិសេស ផ្លូវជាតិលេខ ៥៧ និងផ្លូវជាតិលេខ ៥៩ ដើម្បីត្រួតពិនិត្យគ្រប់គ្រងទប់ស្កាត់លើជនបរទេសខុសច្បាប់ចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិនដែលលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសទប់ស្កាត់ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា(Online Scam)។

លោកស្រី បាន ស្រីមុំ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីជំរុញឲ្យអាជ្ញាធររាជធានី-ខេត្ត ពង្រឹងសមត្ថភាពមន្ត្រី ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលបំផ្លាញកិត្តិយសជាតិ។

លោកស្រីអភិបាលខេត្ត បញ្ជាក់ថា គោលបំណង នៃការរឹតបន្តឹងសន្តិសុខនេះ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងជនបរទេសដែលចូលមកស្នាក់នៅ ឬធ្វើការដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ ការបង្ក្រាបបទល្មើសឆ្លងដែន រួមមាន ៖ ការទប់ស្កាត់ការជួញដូរមនុស្ស , ការលួចឆ្លងដែនខុសច្បាប់ , បទល្មើសគ្រឿងញៀនតាមព្រំដែន , ការធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ , ការបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈការត្រួតពិនិត្យយានយន្តដែលធ្វើចរាចរណ៍ឆ្លងកាត់ខេត្តជាដើម។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការពិនិត្យឯកសារពាក់ព័ន្ធ ដូចជា លិខិតឆ្លងដែន ទិដ្ឋាការ និងប័ណ្ណស្នាក់នៅ របស់ជនបរទេសគ្រប់រូប ដើម្បីធានាថាពួកគេគោរពតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី បាន ស្រីមុំ ក៏បានសង្កត់ធ្ងន់ទៅកាន់កងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តការងារដោយតម្លាភាព និងភាពម៉ឺងម៉ាត់។ ទន្ទឹមនឹងនោះ លោកស្រី ក៏បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់អាជីវកម្មនានា ក្នុងខេត្តប៉ៃលិន ត្រូវសហការរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ប្រសិនបើឃើញមានវត្តមានជនបរទេសសង្ស័យគ្មានឯកសារត្រឹមត្រូវ។

គួររំលឹកដែរថា សកម្មភាពនេះសបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្តប៉ៃលិនក្នុងការអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរដ្ឋបាលខេត្ត បានប្រកាសជំហរយ៉ាងច្បាស់ថា នឹងមិនអត់ឱនចំពោះបុគ្គល ឬមេខ្យល់ណានាំជនបរទេសលួចឆ្លងដែនខុសច្បាប់ឡើយ និងពង្រឹងយន្តការការងាររបស់គណៈបញ្ជាការឯកភាពខេត្តជាគន្លឹះ ក្នុងការលុបបំបាត់បទល្មើសគ្រប់ប្រភេទឲ្យអស់ពីទឹកដីកម្ពុជា។ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់លោកស្រី បាន ស្រីមុំ ខេត្តប៉ៃលិន នៅតែបន្តជាខេត្តមានសុវត្ថិភាព និងមានការគ្រប់គ្រងសន្តិសុខយ៉ាងល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋផងដែរ៕

To Top