អ្នកឃ្លាំមើល៖ ក្រុមប្រឆាំង និងសារព័ត៌មានគ្មានច្បាប់នៅក្រៅប្រទេស កំពុងបំភ្លៃព័ត៌មានមិនពិតរឿងអតីតពលករ
ភ្នំពេញ៖ អ្នកឃ្លាំមើលបញ្ហានយោបាយ និងអ្នកជំនាញខាងភូមិសាស្រ្តនយោបាយ បានលើកឡើងថា ក្រុមប្រឆាំង និងសារព័ត៌មានខេមរភាសាគ្មានច្បាប់នៅក្រៅប្រទេសមួយចំនួន កំពុងបំភ្លៃព័ត៌មានមិនពិតទាក់ទងអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដើម្បីបន្ទោសបង្អាប់មកលើរាជរដ្ឋាភិបាល។

លោក សំ សឿន អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយបានថ្លែងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានសង្កេតឃើញក្រុមប្រឆាំង និងសារព័ត៌មានខេមរភាសាគ្មានច្បាប់នៅក្រៅប្រទេសមួយចំនួន តែងតែបំភ្លៃព័ត៌មានមិនពិតទាក់ទងពលរដ្ឋគ្មានការងារធ្វើ និងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដែលមានចេតនាស្ដីបន្ទោសមកលើរាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖«បើតាមក្រសួងការងារ គឺអតីតពលករខ្មែរមកពីថៃប្រមាណជាង ៦៧ម៉ឺននាក់មានការងារធ្វើនៅក្នុងស្រុក ដែលជាការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប៉ុន្ដែក្រុមប្រឆាំង និងសារព័ត៌មានខុសច្បាប់ទាំងនោះ មិនព្រមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយទេ។ ពួកគេខំប្រឹងតែចាប់ច្បិចយកចំណុចមិនល្អតិចតួចមកផ្សាយ ដើម្បីបំពុលសង្គម បំភ្លៃព័ត៌មាន និងញុះញង់។ បើយើងមើលពីសមាមាត្ររវាងអ្នកមានការងារធ្វើ ៦៧ម៉ឺននាក់ និងអ្នកគ្មានការងារធ្វើ ១៦នាក់ គឺមានគម្លាតខុសគ្នាឆ្ងាយ គឺយើងមិនអាចយកតួលេខ ១៦នាក់នោះ មកដាក់បន្ទុកលើរាជរដ្ឋាភិបាលទាំងស្រុងបានទេ»។
ទោះបីជាយ៉ាង លោក សំ សឿន បានអំពាវនាវដល់អតីតពលករខ្មែរដែលមិនទាន់ទទួលបានការងារ គួរតែទាក់ទងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការប្រឹក្សាស្វែងរកការងារធ្វើ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្សេងៗទៀត។

សម្រាប់លោក ថុង ម៉េងដាវីត អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា ក្រុមប្រឆាំងក្រៅប្រទេស គួរតែយកពេលវេលានេះជួយផ្សព្វផ្សាយព័ត៌មានដែលជាផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ ដើម្បីរួមគ្នាកសាងប្រទេសជាតិ និងចៀសវាងការចាប់យកការលំបាករបស់ជាតិមកកេងចំណេញផលប្រយោជន៍នយោបាយ។
លោកបញ្ជាក់ថា៖«ខ្ញុំក៏បានឃើញពីយន្តការរបស់រាជរដ្ឋាភិបាល និងក្រសួងការងារទាក់ទងការជួយអន្តរាគមន៍បងប្អូនពលករមកពីថៃ ហើយចំនួននៃអ្នកទទួលបានការងារធ្វើក៏មានច្រើនលើសលុបដែរ។ ក្នុងនាមជាជនជាតិខ្មែរ យើងគួរតែជួយគ្នាក្នុងការផ្សព្វផ្សាយពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ជាពិសេសទាក់ទងការជួយស្វែងរកការងារជូនអតីតពលករដែលមកពីថៃ»។

អ្នកស្រី អ៊ូ ស្រីឡូន អតីតពលករមកពីខេត្តសៀមរាប ហើយកំពុងបម្រើការងារនៅរោងចក្រ ស្ថិតនៅខេត្តកំពង់ស្ពឺបាននិយាយថា អំឡុងពេលស្នាក់នៅប្រទេសថៃ អ្នកស្រី និងស្វាមី ធ្វើជាកម្មករជូតកញ្ចក់តាមអគារពាណិជ្ជកម្ម ខុនដូរ និងផ្ទះវិឡានៅទីក្រុងបាងកក ដោយមិនមានជំនាញកាត់ដេរទេ។
អ្នកស្រីបន្តថា៖«នៅពេលដែលខ្ញុំមកដល់ខ្មែរវិញ ខ្ញុំទទួលបានការយកចិត្តទុកដាក់ណាស់ ហើយគេឱ្យខ្ញុំមករៀនដេរអត់អស់លុយហើយ បែរជាបានលុយថែមទៀត។ ឥឡូវនេះ ខ្ញុំបានទាំងជំនាញដេរមួយ បានទាំងប្រាក់ខែ ហើយបានការងារនៅក្នុងស្រុកយើងទៀត។ អីចឹង ខ្ញុំលែងបារម្ភអ្វីច្រើនហើយ ខ្ញុំពីរនាក់ប្ដី គឺខំប្រឹងសន្សំលុយ ដើម្បីជីវភាពគ្រួសារខ្ញុំ»។

អតីតពលកររូបនេះបានអំពាវនាវដល់អ្នកកំពុងស្វែងរកការងារធ្វើ ឬរៀនជំនាញដេរ អាចទាក់ទងតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន ព្រោះការងារនៅក្នុងស្រុក ក៏មានច្រើនមិនចាំបាច់ចំណាកស្រុកទៅឆ្ងាយទៀតទេ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម កសិដ្ឋាន ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ជាដើម៕

