ព័ត៌មានជាតិ

សម្តេចតេជោ ៖ ទោះពិភពលោកប្រែប្រួល តែមិត្តភាពដែកថែបកម្ពុជា-ចិន ពុំប្រែប្រួលទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាបច្ចុប្បន្ននៅលើពិភពលោកមានការប្រែប្រួល ប៉ុន្តែមិត្តភាពដែកថែបរវាងកម្ពុជានិងចិន ពុំមានការប្រែប្រួលឡើយ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា  សម្តេចតេជោចាត់ទុកលោក វ៉ាង យី គឺជាមិត្តចាស់របស់កម្ពុជាដែលបានធ្វើការជាមួយគ្នាជាយូរឆ្នាំមកហើយ ។

សម្តេចតេជោមានប្រសាសន៍ថា វត្តមានលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងនាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិនចូលរួមកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន នៅកម្ពុជាបានបង្ហាញយ៉ាងច្បាស់ពីមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។

 អ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថា “សម្តេចតេជោបានសង្កត់ធ្ងន់ថា បើទោះបីជាពិភពលោកនាពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ក៏ប៉ុន្តែទំនាក់ទំនង មិត្តភាព រវាងកម្ពុជានិងចិន មិនមានការប្រែប្រួលឡើយ” ។

ជាកិច្ចឆ្លើយតបលោក វ៉ាង យីបង្ហាញក្តីរីករាយជាខ្លាំងដែលបានជួបសន្ទនាជាមួយសម្តេចតេជោដែលជាមិត្តចាស់របស់ចិនលើទឹកដីកម្ពុជា ។ ដោយលោកបានលើកឡើងពីវីរភាពរបស់សម្តេចតេជោថា គឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ។

រដ្ឋមន្រ្តីការបរទេសចិនសង្កត់ធ្ងន់ទៅមិត្តភាពដែកថែបរវាងកម្ពុជា-ចិននេះ អាចកើតមានឡើងដោយសារវត្តមានសម្តេចតេជោដែលបានខិតខំប្រឹងប្រែងរឹតបន្តឹងចំណងមិត្តភាពកន្លងមក ហើយបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  ។

បើលោក វ៉ាង យី ដែលដកស្រង់ប្រសាសន៍របស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិនមកថា មិត្តភាពែកថែបរវាងកម្ពុជា-ចិនមិនមែនគ្រាន់តែមានឈ្មោះជានិមិត្តរូបនៅលើក្រដាសទេ ប៉ុន្តែជាមិត្តដែកថែបដែលបានអនុវត្តជាមួយគ្នាយ៉ាងជាក់ស្តែង ៕

To Top