ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការសម្រេចចិត្តអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរ គឺពិតជាត្រឹមត្រូវ បង្ហាញពីសកម្មភាពរស់រវើកនៃសង្គមសេដ្ឋកិច្ច

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរ គឺពិតជាត្រឹមត្រូវ បង្ហាញពីភាពធន់ និងសកម្មភាពរស់រវើកនៃសង្គមសេដ្ឋកិច្ចនៅកម្ពុជា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធីបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធី បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ ដែលបង្ហាញពីភាពធន់ និងសកម្មភាពរស់រវើកនៃសង្គម សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា»។

សម្តេចធិបតី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប្រកបដោយក្តីសប្បាយរីករាយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់វីរកងទ័ព ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន៕

To Top