ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំ​អាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំ​ត្រៀមរៀបចំពិធីបញ្ជុះបឋមសិលាអគារសេនាធិការថ្មី

កំពង់ស្ពឺ៖ ដោយ​ទទួល​បានការអនុញ្ញាត​ និង​ចង្អុល​បង្ហាញ​របស់​ លោក ​នាយ​ឧត្ដម​សេនីយ៍​​​ សៅ​​​ សុខា​​​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ ភូមិន្ទ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​លើផ្ទៃប្រទសេ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំ​ត្រៀមរៀបចំពិធីបញ្ជុះបឋមសិលាអគារសេនាធិការថ្មីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ​​ ក្រោម​វត្តមាន​លោកឧត្តមសេនីយ៍ត្រី នាង សាត រងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និង​មានការ​អញ្ជើញ​ចូលរួមពីសំណាក់​ លោកមេបញ្ជាការរង,លោកប្រធានមន្ទីរ,លោកនាយការិយាល័យ និងនាយទាហាន​ពាក់ពន្ធ័ចូលរួមផងដែរ។

តាម​ប្រសាសន៍​របស់​លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង ស្រ៊ុន មេបញ្ជាការ​​ ដោយសារគៀកនិងកម្មវិធីបញ្ជុះបឋមសិលាអគារសេនាធិការថ្មី នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលនឹងប្រព្រិត្តិទៅនាពេលឆាប់ៗខាងមុខនេះ ទើបត្រូវប្រជុំក្រុមការងារដែលពាក់ពន្ធ័ ដើម្បីត្រៀមរៀបចំទុកជាមុន ក្នុងគោលបំណង ដើម្បី​ឲ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូន ហើយក្នុងនោះដែរក្រុមការងារអាវុធហត្ថដែលបានចូលរួម ក្នុងអង្គប្រជុំក៏បានលើកឡើងពីចំនុចមួយចំនួនគឺដើម្បីបំពេញបន្ថែមផងដែរ។

ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុន មេបញ្ជាការ ក៏បានបែងចែកនូវការងារទៅតាមជំនាញដើម្បីពិនិត្យនិងអនុវត្តព្រមទាំងទទួលខុសត្រូវថែមទៀត។

សូមបញ្ជាក់ផងដែរថា អគារសេនាធិការថ្មី​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអន្លង់គង់ ឃុំ​ត្រពាំងគង​ ស្រុក​សំរោងទង​ ខេត្តកំពង់ស្ពឺ​  ហើយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥​​កន្លងមក លោកឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ រួមនិងក្រុមការងារវិស្វករជំនាញសាងសង់ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មី(អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី) ដែលបានចាក់ដីរួចរាល់និងធ្វើរបងជុំវិញជាបណ្តោះអាសន្នសិនអស់ជាច្រើនថ្ងៃមកហើយផងដែរ៕

To Top