រាជរដ្ឋាភិបាលធ្វើសកម្មភាពជាក់ស្តែង បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។
លោកថា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី ក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ ឫសគល់ដោយមិនមានការបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែងឡើយ។ គោលដៅយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល មិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូល ដកហូតសមត្ថភាពប្រតិបត្តិការ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះ ឱ្យបានជាក់ស្តែង និងយូរអង្វែង។ នេះបង្ហាញថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែជាប្រទេសដែល កំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយក្នុងតំបន់។
បន្ថែមពីលើនេះទៀត លោកប៉ែន បូណាអះអាងថា ឆន្ទៈនិងការប្តេជ្ញាចិត្តរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញយ៉ាងច្បាស់តាមរយៈ ការដាក់ចេញផែនការ និងយុទ្ធនាការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានប្រសិទ្ធភាព និងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើនដើម្បីធានាថា ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅ ដោយត្រឹមត្រូវតាមនីតិវិធី និងគ្មានការខ្វះចន្លោះ។
សូមបញ្ជាក់ថា ចាប់តាំងពីខែ កក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦នេះ ពោលក្នុងរយៈពេលជាង ៩ខែចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី-ខេត្ត បានបំពេញបេសកកម្មបង្ក្រាបអំពើនរចាក តាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួនជាង ២៥០ករណី ។
ក្នុងនោះបានបង្ក្រាបទីតាំងកាស៊ីណូចំនួន ៩១ទីតាំង និងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចំនួន ១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យចំនួនប្រមាណ ១ ០៨៩នាក់ ដែលក្នុងនោះមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ៕
