លោក ឃួង ស្រេង ឱ្យកងកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បន្តប្រឹងប្រែង ខណៈថ្នាក់ដឹកនាំកោតសរសើរ លើការអនុវត្តការងារ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យកងកម្លាំងចំណុះ ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំ បានកោតសរសើរ ចំពោះការអនុវត្តការងារកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងការងារអនាម័យបរិស្ថាន។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ខាងលើនេះ ធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្វប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា ការកោតសរសើរ ពីថ្នាក់ដឹកនាំ ពិសេសឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានបង្ហាញពីការខិតខឱប្រឹងប្រែង របស់មន្ត្រីនិងកងកម្លាំងរបស់យើង ដូចប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថា «មន្ត្រីរាជការ ជាអ្នកបំរើរាស្ត្រ»។

បន្ថែមលើនេះ លោកអភិបាល បានបញ្ជាក់ថា យើងពិតជាអនុវត្តការងារបានល្អ ជាក់ស្តែង សម្រាប់ «នគរសង្ក្រាន្តឆ្នាំថ្មី »ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញកន្លងមកនេះ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងការងារ អនាម័យបរិស្ថាន យើងអនុវត្តបានល្អ ទទួលបានការកោតសរសើរ ពីថ្នាក់ដឹកនាំ ហើយចំពោះការអនុវត្ត ការងារសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក៏ទទួលបានការកោតសរសើរ ថ្នាក់ដឹកនាំផងដែរ ដូច្នេះយើងត្រូវបន្តខិតខំប្រឹងប្រែង បន្ថែមទៀត៕




