ក្រសួងការងារបានប្រកាសដាក់ឱ្យអនុវត្តការទទួលស្គាល់ជំនាញពីមុន (RPL) របស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ រាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្ដជំនួសបងប្អូន ដើម្បីប្រែក្លាយបទពិសោធការងាររបស់អតីតពលករមកពីប្រទេសថៃ ឱ្យទៅជាវិញ្ញាបនបត្រជំនាញផ្លូវការ
ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមអភិវឌ្ឍជំនាញ ក៏ដូចជាលើកទឹកចិត្តដល់អតីតពលករមកពីប្រទេសថៃ ឱ្យទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ឱ្យអនុវត្ត”ការទទួលស្គាល់ជំនាញពីមុន (RPL) របស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ” ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្ដជំនួសបងប្អូន ដើម្បីទទួលបានវិញ្ញាបនបត្រជំនាញផ្លូវការ។

ការធ្វើតេស្តជំហានទី១នេះ ត្រូវបានធ្វើឡើងនៅតាមរាជធានី ខេត្ត នៃគោលដៅចំនួនទាំង៦ (រាជធានីភ្នំពេញ, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, តាកែវ និងស្វាយរៀង) ហើយកម្មវិធីនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះតទៅ នៅសួនអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ(ទឹកថ្លា) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសហគ្រាសក្នុងវិស័យសំណង់ អង្គការ និងដៃគូអភិវឌ្ឍន៍ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពិនិត្យដោយផ្ទាល់នូវការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) និងបានណែនាំដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងគោរពតាមលក្ខខណ្ឌនៃការធ្វើតេស្ត ដើម្បីទទួលបានជ័យលាភី។ ការធ្វើតេស្តនេះមានគោលបំណងសំខាន់ក្នុងការប្រែក្លាយបទពិសោធការងារ និងចំណេះជំនាញដែលបងប្អូនទទួលបានពីការអនុវត្តជាក់ស្តែងនៅក្រៅប្រទេស ឱ្យក្លាយទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលអាចយកទៅប្រើប្រាស់ក្នុងការស្វែងរកឱកាសការងារល្អៗ និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។

ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តទៅ រាជរដ្ឋាភិបាលនឹងបង់ថ្លៃសេវាធ្វើតេស្ត RPL ជំនួសបងប្អូនលើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់ រួមមាន ការងារកំបោរ (រៀបឥដ្ឋ និងបូក) ការងារការ៉ូ ការដំឡើងពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការងាររន្ទា ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី។

ចំពោះដំណើរការធ្វើតេស្ត RPL ជាក់ស្តែង នាថ្ងៃទី២៤នេះ មានបេក្ខជនចូលរួមធ្វើតេស្តសរុបចំនួន ១៤៩រូប ហើយការធ្វើតេស្តនេះ មានការចូលរួមពីអ្នកវាយតម្លៃសមត្ថភាពសរុបចំនួន ៧៥ រូប មកពីវិស័យឯកជន និងប្រព្រឹត្តទៅប្រកបដោយភាពរលូន តាមស្តង់ដាបច្ចេកទេសដែលបានកំណត់ ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងភាពជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។

ជាលទ្ធផល បេក្ខជនធ្វើតេស្តសរុបចំនួន១៤៩រូប ក្នុងនោះបេក្ខជនចំនួន ១៣៦ រូប ទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញ និងបេក្ខជនចំនួន ១៣ រូប ទទួលបានលិខិតបញ្ជាក់ក្រេឌីត៕





