សម្តេចធិបតី៖ ច្បាប់កាតព្វកិច្ចយោធានៅកម្ពុជា មិនមែនយកយុវជនអាយុ១៨ដល់២៥ មកទាំងអស់នោះទេ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ថា ច្បាប់កាតព្វកិច្ចយោធា ដែលត្រៀមដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ មិនមានន័យថា គ្រប់យុវជន អាយុពី១៨ដល់២៥ឆ្នាំ សុទ្ធតែត្រូវជ្រើសរើសចូលបំពេញកាតព្វកិច្ចយោធាទាំងអស់នោះទេ ពោលជ្រើសរើស តាមតម្រូវការកងទ័ពតែប៉ុណ្ណោះ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី លើកទី៣ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦។

សម្តេចធិបតី មានប្រសាសន៍ថា “បងប្អូនថា ១៨-២៥ ឆ្នាំ ត្រូវអនុវត្តកាតព្វកិច្ច ភាគច្រើនគិតថា ចាប់ផ្តើមទៅគឺថា ត្រូវប្រមូលទាំងអស់ យកមកតែម្តង អត់ទេ ។ សម្រាប់នៅកម្ពុជា របស់យើង គឺយើងយករូបមន្តទី២ ។ តាមតម្រូវការកងទ័ពរបស់យើង ។ កងទ័ពមិនអាចយកមក១លាននាក់ហ្វឹកហ្វឺន អត់លុយទេ ហើយក៏អត់កន្លែងដេកដែរ ហើយយើងក៏មិនត្រូវការយក១លាននាក់ មកដែរ ក្នុងពេលតែមួយ ចឹងគឺចំនួនប៉ុន្មានអីប៉ុន្មាន គឺអាស្រ័យទៅលើតម្រូវការកងទ័ពប្រចាំឆ្នាំ” ៕



