ព័ត៌មានជាតិ

អាវុធហត្ថក្រុងសិរីសោភ័ណ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនមនុស្ស ៥នាក់

បន្ទាយមានជ័យ៖ កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា។

លទ្ធផលនៃប្រតិបត្តិការ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៥នាក់ (ប្រុស ៤នាក់ និងស្រី ១នាក់) ដែលមានមុខរបរជាមេការខារ៉ាអូខេ, ឌីជេ, អ្នកលក់ដូរ និងអ្នកមកពីខេត្តផ្សេងៗ។ វត្ថុតាងដកហូតបាន គ្រឿងញៀនសរុបជិត ២០០ក្រាម (រួមមាន កេតាមីន ៣៤ថង់ និងអ៊ិចស្តាស៊ី ៣៩កញ្ចប់/ថង់)។ សម្ភារៈពាក់ព័ន្ធ ជញ្ជីងថ្លឹង ២គ្រឿង, រថយន្ត ១គ្រឿង, ម៉ូតូ ១គ្រឿង, ទូរស័ព្ទ ១០គ្រឿង និងកុំព្យូទ័រ ១គ្រឿង។

ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានទិញគ្រឿងញៀនទាំងនោះមកដើម្បីលក់បន្ត និងប្រើប្រាស់ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយ៖ សយ រិទ្ធី

To Top