ព័ត៌មានជាតិ

ត្រឹមព្រលប់ថ្ងៃទី២៦ មេសា ! អធិការរងស្រុកស្ទឹងត្រង់ម្នាក់ បន្តស្ថិតក្រោមការយកចិត្តទុកដាក់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យវៀតណាម

ភ្នំពេញ ៖ គិតត្រឹមព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ នៅតែបន្តស្ថិតក្រោមការយកចិត្តទុកដាក់សង្គ្រោះបន្ទាន់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញៗ នៃមន្ទីរពេទ្យសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម ដោយសារតែក្មេងទំនើងចាក់ដោយដែកឆាបចំផ្ទៃមុខពីរកន្លែង ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រលប់ថ្ងៃទី២៦ មេសា នេះ លោក រ៉េន រតនៈ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើបច្ចុប្បន្នភាពនូវស្ថានភាពរបស់ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានកំពុងទទួលការយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ ពីក្រសួងមហាផ្ទៃ ជាពិសេសពី លោកឧបនាយករដ្ឋមន្ត្រី តាមរយៈក្រុមការងារ។

អ្នកនាំពាក្យ ថា «គិតមកត្រឹមព្រលប់ថ្ងៃទី២៦ ខែមេសានេះ លោកវរសេនីយ៍ទោ នៅតែបន្តស្ថិតក្រោមការយកចិត្តទុកដាក់សង្គ្រោះបន្ទាន់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញៗ នៃមន្ទីរពេទ្យសាធារណរដ្ឋសង្គមនិយមវៀតណាម»។

អ្នកនាំពាក្យ បន្ថែមថា រាល់តម្រូវការសង្គ្រោះបន្ទាន់ និងការបន្តព្យាបាលលោកវរសេនីយ៍ទោ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្នែកជីវភាពរបស់ក្រុមគ្រួសារលោកផ្ទាល់ គឺបានទទួលការរ៉ាប់រង ពីលោកឧបនាយករដ្ឋមន្ដ្រី និងក្នុងនាមក្រសួងមហាផ្ទៃ រួមទាំង នាយឧត្តមសេនីយ៍ អគ្គស្នងការ លោកអភិបាល និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម។

អ្នកនាំពាក្យ បន្ដទៀតថា ការទទួលខុសត្រូវ មនោសញ្ចេតនា និងកាយវិការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ លើស្ថានភាព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីក្ដីសង្វេគ និងគោរពស្ងប់ស្ងែងក្រៃលែងចំពោះវីរភាពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលបានធ្វើពលិកម្មក្នុងនាមមន្ត្រីនគរបាលជាតិ ក្នុងភារកិច្ចរួមចំណែកជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមានសមត្ថកិច្ច ដើម្បីសម្រេចបុព្វហេតុធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន៕

To Top