ព័ត៌មានជាតិ

សម្តេចធិបតី ៖ ទោះបច្ចុប្បន្នប្រឈម ការលំបាក និងឧបសគ្គ តែកម្ពុជា បន្តបោះជំហាន ទៅមុខយ៉ាងស្វាហាប់

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ទោះបីបច្ចុប្បន្នកម្ពុជា ត្រូវប្រឈមនឹង ការលំបាក និងឧបសគ្គ ទាំងកត្តាខាងក្នុងនិងខាងក្រៅ ប៉ុន្តែតាមរយៈកម្លាំងមហាសាមគ្គីប្រជាជាតិដ៏រឹងមាំ កម្ពុជាបាននិងកំពុងបន្តបោះ ជំហានទៅមុខយ៉ាងស្វាហាប់ ។

ក្នុងសារលិខិតអបអរសាទរអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា បច្ចុប្បន្ន បើទោះជាត្រូវប្រឈមនឹងការលំបាកនិងឧបសគ្គ ទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅយ៉ាងណាក្តី តែតាមរយៈកម្លាំងមហាសាមគ្គីប្រជាជាតិដ៏រឹងមាំ កម្ពុជាបាននិងកំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ គួរជាទីមោទនៈលើមាគ៌ានៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ នីតិរដ្ឋ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាមនុញ្ញផល អនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរក្សាលំនឹងនៃជីវភាព របស់ប្រជាពលរដ្ឋនិងកម្មករនិយោជិត។

សម្តេចធិបតីបន្តថា ជាក់ស្តែងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានខិតខំជម្នះបាននូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹង ការប្រែប្រួលនៃសភាពការណ៍តំបន់ និងសកលលោក ដែលកើតឡើង ជាបន្តបន្ទាប់និងដំណាលៗគ្នា ដោយសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ , កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និង វិធានការគន្លឹះចំនួន៥ ជាមួយនឹងការចាត់វិធានការអន្តរាគមន៍ ចំពោះវិបត្តិនានាទាន់ពេលនិងចំទិសដៅ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា សុខសន្តិភាពពេញលេញដែលបានខិតខំរួមគ្នាថែរក្សា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច៕

To Top