រដ្ឋមន្រ្តីសុខាភិបាល ៖ ការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាការទទួលខុសត្រូវរួមរបស់សង្គម
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហការពហុវិស័យ និងកំណត់អាទិភាពសម្រាប់ជំហានបន្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់ បង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ ព្រមទាំងទប់ស្កាត់បារីអេឡិចត្រូនិក ដែលកំពុងបង្កហានិភ័យដល់យុវជន និងសុខភាពសាធារណៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។

ដើម្បីជៀសវាងពីផលិតផលថ្នាំជក់ លោកសាស្ត្រាចារ្យផ្តាំផ្ញើថា ត្រូវរួមគ្នាការពារកុមារ យុវជន និងប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃការប្រើផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក ដើម្បីកសាងអនាគតកម្ពុជា គ្មានផ្សែងបារី មានសុខភាពល្អ និងសុវត្ថិភាព។

លោកបន្ថែមថា កម្ពុជាបានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន តាមក្របខណ្ឌអនុសញ្ញា WHO FCTC និងកញ្ចប់អន្តរាគមន៍ MPOWER រួមមាន ៖ ការបោះពុម្ពសារអប់រំសុខភាពលើកញ្ចប់ថ្នាំជក់ , ការហាមជក់នៅកន្លែងធ្វើការ , កន្លែងសាធារណៈ និងការហាមផ្សព្វផ្សាយពាណិជ្ជកម្ម។ ទោះយ៉ាងណា កម្ពុជានៅតែមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ ១,៦ លាននាក់ ដែលទាមទារឱ្យបន្តមានយន្តការសមស្របជាប់លាប់ និងមានប្រសិទ្ធភាព ។


ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួន ដើម្បីបន្តអនុវត្តដួចជា ៖ ការត្រួតពិនិត្យថ្នាំជក់ គឺជាការងារការពារជីវិត និងអនាគតប្រជាជន , ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យទូលំទូលាយ ជាពិសេសដល់សិស្ស និស្សិត និងយុវជន , ត្រូវអនុវត្តច្បាប់ និងវិធានការហាមឃាត់ឱ្យម៉ឺងម៉ាត់ , ត្រូវបង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ ក្លែងក្លាយ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព និងត្រូវរៀបចំយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៧-២០៣១ ៕





