ព័ត៌មានជាតិ

ជនជាតិចិន ជាអតិថិជនក្រុមហ៊ុន ហួយវ័ន តវ៉ាបិទផ្លូវសាធារណៈដោយខុសច្បាប់ ថែមទាំងប្រើហិង្សាលើសមត្ថកិច្ច

ភ្នំពេញ៖ អតិថិជនក្រុមហ៊ុន ហួយវ័ន ជាជនជាតិចិនមួយក្រុម បានបង្កភាពអនាធិបតេយ្យ ដោយបិទផ្លូវសាធារណៈ នៅមុខធនាគារជាតិនៃកម្ពុជា ដោយមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន ថែមទាំងប្រើប្រាស់អំពើហិង្សា វាយលើអាជ្ញាធរមានសមត្ថកិច្ច ខណៈចុះអន្តរគមន៍បើកផ្លូវ ។

ហេតុការណ៍ប្រើអំពើហិង្សា និងបិទផ្លូវសាធារណៈខាងលើនេះ កើតឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លើបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមុខធនាគារជាតិនៃកម្ពុជា ។

សមត្ថកិច្ចឱ្យដឹងថា មូលហេតុដែលក្រុមអតិថិជនក្រុមហ៊ុនហួយវ័ន បានមកប្រមូលផ្តុំ នៅមុខធនាគារជាតិនៃកម្ពុជា ដើម្បីដាក់បន្ទុកឱ្យធនាគារជាតិ ជំរុញឱ្យមានការដោះស្រាយ សងប្រាក់ត្រឡប់មកពួកគេវិញ ដោយធ្វើការបិទផ្លូវសាធារណៈដោយខុសច្បាប់ ទោះបីជាអាជ្ញាធរ មានការហាមឃាត់យ៉ាងណាក៏ដោយ ។

គួរបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជា បានជូនដំណឹងថា ករណីក្រុមហ៊ុន ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ច របស់ធនាគារជាតិទៀតឡើយ តែសម្រាប់បុគ្គល ដែលរងគ្រោះក្នុងក្រុមហ៊ុន អេច ផេ ត្រូវទៅចុះឈ្មោះផ្តល់ព័ត៌មាន ជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី៕

To Top