លោក ឃួង ស្រេង អញ្ជើញចូលរួម ពិធីបើកជាផ្លូវការ កិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកល សម្រាប់ចីរភាព
តូក្យូ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់លោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ។

ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានដឹកនាំគណៈប្រតិភូ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូល លើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោក ឃួង ស្រេង និងគណៈប្រតិភូ បានបញ្ជាក់ថា បណ្តាញទីក្រុងសកល សម្រាប់ចីរភាព ត្រូវបានបង្កើតឡើង ដោយរដ្ឋបាលទីក្រុងតូក្យូក្នុងឆ្នាំ២០២២ ដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានា ប្រើប្រាស់វេទិកា នេះដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន៕






