រដ្ឋមន្ដ្រីមហាផ្ទៃ ជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំ ស្តីពី ការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍ ពីដៃគូរួមភេទ។
បើយោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការជំរុញការប្រើប្រាស់ ស្រោមអនាម័យឱ្យបាន ១០០ភាគរយ ដើម្បីបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បន្តផ្សព្វផ្សាយអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% ក្នុងការទប់ស្កាត់ការចម្លង មេរោគអេដស៍ពីដៃគូរួមភេទ។
ក្រសួង បន្ដថា បន្តចូលរួមផ្សព្វផ្សាយអំពីហានិភ័យនៃមេរោគអេដស៍ និងលុបបំបាត់ទស្សនៈយល់ច្រឡំថានៅកម្ពុជា គ្មានអេដស៍ទៀតទេ ព្រមទាំងជំរុញឱ្យមានការចូលរួមទាំងអស់គ្នាដើម្បីរួមគ្នាបញ្ចប់អេដស៍តាមរយៈការ អនុវត្តវិធានការបង្ការការពារឱ្យបានហ្មត់ចត់ ដូចជាការប្រើប្រាស់ស្រោមអនាម័យ១០០% ជាដើម។ ជំរុញប្រជាជនគន្លឹះបម្រើការក្នុងសេវាកម្សាន្តដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍ឱ្យប្រញាប់ទៅធ្វើតេស្ត រកមេរោគអេដស៍ជាបន្ទាន់ ដើម្បីទទួលបានសេវាថែទាំព្យាបាលទាន់ពេលវេលា។
ក្រសួង បន្ថែមថា ធានាឱ្យមានការរក្សាទុក និងចែកចាយស្រោមអនាម័យឱ្យបានទូលំទូលាយនៅតាមទីកន្លែងដែលមានការ ចាំបាច់នានា ជាពិសេសនៅតាមមូលដ្ឋានសេវាកម្សាន្តដូចជា រង្គសាល បៀរហ្គាឌិន សណ្ឋាគារ ផ្ទះសំណាក់ ឬគ្រប់កន្លែងដែលសង្ស័យថាមានការរួមភេទជាដើម។ ស្រោមអនាម័យមិនត្រូវបានយកធ្វើជាកម្មវត្ថុនៃការដាក់បន្ទុកឡើយ លើកលែងតែការប្រើស្រោមអនាម័យ ក្នុងការប្រព្រឹត្តបទល្មើសជួញដូរផ្លូវភេទជាក់ស្តែង៕
