ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Singapore Airline ចុះ MoU លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ដោយផ្តោតលើការលើកកម្ពស់កិច្ចសហការ និងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ ដ៏ទាក់ទាញរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងពិភពលោក ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក Strahan Lim តំណាងឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា, លោក គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, លោក Louis Leonard Arul អនុប្រធានតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី លើកឡើងថា តាមរយៈកិច្ចសហការនេះ គឺមានគោលបំណងលើកកម្ពស់កិត្តិនាមកម្ពុជា នៅលើឆាកអន្តរជាតិ និងការជំរុញការផ្សព្វផ្សាយ ពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងលក្ខណៈចម្រុះនៃបទពិសោធទេសចរណ៍ ចាប់ពីតំបន់បេតិកភណ្ឌពិភពលោក រហូតដល់គោលដៅទេសចរណ៍ឆ្នេរ និងអេកូទេសចរណ៍កំពុងលេចធ្លោ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពីគ្រប់ទិសទីនៅលើពិភពលោក តាមរយៈបណ្តាញសកល និងដ៏មានសក្តានុពល នៃទីផ្សាររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានយកឱកាសនេះជម្រាបជូនថា នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ខាងមុខ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជា នៅរដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ដែលជាពេលវេលាដែលប្រទេសកម្ពុជា មានភាពស្រស់ស្អាត និងពោរពេញដោយភាពបៃតង ផ្តល់ឱ្យភ្ញៀវទេសចរនូវបរិយាកាសស្ងប់ស្ងាត់ ទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបទពិសោធធ្វើដំណើរដ៏ស្រស់បំព្រង។



លោករដ្ឋមន្រ្តី ក៏មានទំនុកចិត្តថា យុទ្ធនាការខាងលើ រួមជាមួយការចុះហត្ថលេខា លើអនុស្សរណៈនែការយោគយល់គ្នានេះ នឹងរួមចំណែកដល់ការកើនឡើង នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ជាពិសេសនៅក្នុងអំឡុងពេលនៃរដូវកាលបៃតង៕
