ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំផ្សព្វផ្សាយសារលិខិតលេខ ០៣៦/២៦ ដើម្បីពង្រឹងការគ្រប់គ្រងសន្តិសុខ នៅតាមទីតាំងស្នាក់នៅរបស់ជនបរទេស

ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារលិខិតលេខ ០៣៦/២៦ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្ដុំរបស់ជនបរទេស។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ហៀង​ ស៊ីថា ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមគ្រូបង្គោលនៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលក្រុង-ស្រុក ទាំង៧
លោកអធិការរងទទួលផែនការងារសេនាធិការ, អន្តោប្រវេសន៍, កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងអត្តសញ្ញាណកម្ម ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ អង្គប្រជុំបានផ្ដោតសំខាន់ទៅលើការអនុវត្តតាមស្មារតីនៃសារលិខិតរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្កើនប្រសិទ្ធភាពការងារសន្តិសុខតាមរយៈចំណុចគន្លឹះមួយចំនួន រួមមាន ការពង្រឹងការគ្រប់គ្រងជនបរទេស ជំរុញឲ្យមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋាន ក្តាប់ឲ្យបានច្បាស់លាស់នូវស្ថិតិ និងមុខសញ្ញាជនបរទេសដែលកំពុងស្នាក់នៅតាមបណ្តាផ្ទះជួល ខុនដូ ឬទីតាំងស្នាក់នៅប្រមូលផ្តុំនានា។ការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ លើកកម្ពស់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងតំបន់ដែលមានជនបរទេសរស់នៅច្រើន ត្រូវពង្រឹងចំណងសាមគ្គីភាព និងការផ្លាស់ប្តូរព័ត៌មានរវាងផែនការងារជំនាញ ទាំងបួន សេនាធិការ, អន្តោប្រវេសន៍, អត្តសញ្ញាណកម្ម និងប៉ុស្តិ៍រដ្ឋបាល និងផែនការងារផ្សេងៗ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហាកើតឡើងជាយថាហេតុ។

លោកឧត្ដមសេនីយ៍ត្រី ហៀង​ ស៊ីថា ស្នងការរង បានសង្កត់ធ្ងន់ទៅលើ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាអ្នកនៅកៀកផ្ទាល់ជាមួយមូលដ្ឋាន ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជនបរទេសឱ្យបានទៀងទាត់ និងត្រឹមត្រូវបំផុត។

ទន្ទឹមនឹងនោះ លោកអធិការក្រុង-ស្រុក ត្រូវធ្វើជាសេនាធិការក្នុងការដឹកនាំ និងត្រួតពិនិត្យការអនុវត្តភារកិច្ចរបស់មន្ត្រីក្រោមឱវាទឱ្យមានតម្លាភាព និងវិជ្ជាជីវៈ។ កិច្ចប្រជុំនេះ គឺជាជំហានដំបូងដ៏សំខាន់ក្នុងការដាក់ចេញនូវវិធានការក្តៅ ដើម្បីធានាថាគ្រប់ទីតាំងស្នាក់នៅរបស់ជនបរទេសនៅក្នុងខេត្តពោធិ៍សាត់ ត្រូវបានគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងមូល៕

ប្រភព÷ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top