ARC Forum 2026 ជាវេទិកាដ៏មានឥទ្ធិពល ក្នុងការលើកកម្ពស់សក្តានុពលមនុស្សតាមរយៈ បទពិសោធន៍ដឹកនាំជាក់ស្តែង
ភ្នំពេញ៖ ក្នុងសម័យកាលដែលការអភិវឌ្ឍសមត្ថភាពយុវជន និងការកសាងភាពដឹកនាំក្លាយជាកត្តាសំខាន់សម្រាប់អនាគតសង្គម អង្គការយុវជនអន្តរជាតិ ARC Forum 2026 ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាវេទិកាដ៏មានឥទ្ធិពលមួយ ក្នុងការលើកកម្ពស់សក្តានុពលមនុស្សតាមរយៈបទពិសោធន៍ដឹកនាំជាក់ស្តែង។
នៅក្នុងប្រទេសកម្ពុជា AIESEC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតវេទិកាដល់និស្សិត និងយុវជន ដើម្បីអភិវឌ្ឍខ្លួនឯងទាំងផ្នែកផ្ទាល់ខ្លួន និងផ្នែកវិជ្ជាជីវៈ។ ជាពិសេស AIESEC in IFL ដែលជាផ្នែកមួយដ៏សកម្ម បានបន្តបេសកកម្មនេះតាមរយៈការរៀបចំកម្មវិធីនានា ដែលមានគោលបំណងបំផុសគំនិត និងជំរុញឱ្យយុវជនចូលរួមយ៉ាងសកម្មក្នុងការបង្កើតការផ្លាស់ប្តូរដ៏មានន័យក្នុងសង្គម។

ក្នុងអំឡុងឆ្នាំ ២០២៤ និង ២០២៥ កន្លងមក AIESEC in IFL បានរៀបចំកម្មវិធី Eyes of Wonder 1.0 និង 2.0 ព្រមទាំង Smiling Day ដែលកម្មវិធីទាំងនេះផ្តោតលើការប្រមូលផ្តុំយុវជនមកពីបរិបទផ្សេងៗ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមនិងចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយច្នៃប្រឌិតចំពោះបញ្ហាសកល។ កម្មវិធីទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និងឆន្ទៈរបស់យុវជនក្នុងការចូលរួមដោះស្រាយបញ្ហាសង្គម និងបង្កើតឥទ្ធិពលវិជ្ជមាន។

បន្តបេសកកម្មនៃការអភិវឌ្ឍយុវជន នៅឆ្នាំ ២០២៦ នេះ AIESEC in IFL មានកិត្តិយសក្នុងការនាំមកជូនកម្មវិធី ARC Forum 2026 ដែលត្រូវបានរៀបចំឡើងដើម្បីជាវេទិកាដ៏មានតម្លៃ សម្រាប់យុវជនក្នុងការចាប់ផ្តើមដំណើរនៃការបម្លែងខ្លួនឯងពីផ្នែកខាងក្នុង ទៅកាន់ការអនុវត្តជាក់ស្តែងក្នុងពិភពខាងក្រៅ។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីខ្លួនឯង ពង្រឹងផ្នត់គំនិត និងផ្តល់នូវទស្សនៈជាក់ស្តែងសម្រាប់ការតម្រង់ទិសដៅអនាគតទាំងផ្នែកសិក្សា និងវិជ្ជាជីវៈ។

ARC Forum 2026 ត្រូវបានរៀបចំក្រោមប្រធានបទ “The Prestige Path” ដែលបង្ហាញពីដំណើរនៃការរីកចម្រើនពីការយល់ដឹងខ្លួនឯង ទៅកាន់ការអភិវឌ្ឍសមត្ថភាព និងការសម្រេចបានជោគជ័យប្រកបដោយអត្ថន័យ។
កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៦ និងរំពឹងថានឹងទាក់ទាញអ្នកចូលរួមប្រមាណ ១៥០ ដល់ ២០០ នាក់ ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ តាមរយៈវាគ្មិនកិត្តិយស និងប្រធានបទជាក់ស្តែង អ្នកចូលរួមនឹងទទួលបានទាំងចំណេះដឹង ទស្សនៈថ្មីៗ និងជំនាញចាំបាច់សម្រាប់ការប្រកួតប្រជែងក្នុងសង្គមសម័យទំនើប។

ARC Forum 2026 មិនត្រឹមតែជាកម្មវិធីចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់សម្រាប់ការភ្ជាប់បណ្តាញ បំផុសគំនិតនិងជំរុញឱ្យយុវជនចាប់ផ្តើមដំណើរថ្មី ឆ្ពោះទៅរកអនាគតដែលពោរពេញដោយសក្តានុពល និងភាពច្បាស់លាស់។
