ក្រុមអនុព័ន្ធយោធាបរទេស ចុះសង្កេតការណ៍ នៅតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់
ភ្នំពេញ ៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៨ មេសានេះ សបានចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា នៅវេលាម៉ោង១២និង៥៤នាទីរសៀលថ្ងៃ២៨ មេសានេះ ក្រសួងបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។

លោកស្រីបន្តថា កម្ពុជាស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។

លោកស្រីបន្ថែមថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕




