រដ្ឋមន្ត្រី ហេង សួរ៖ RPL ជាច្រកដ៏សំខាន់សម្រាប់បងប្អូនអតីតពលករយកបទពិសោធពីការអនុវត្តជាក់ស្តែងមកឆ្លងកាត់ការវាយតម្លៃដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ និងរកកម្រៃបានកាន់តែខ្ពស់
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការធ្វើតេស្តវាយតម្លៃជំនាញមានពីមុន (RPL) ជាច្រកដ៏សំខាន់សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ក្នុងការយកជំនាញបទពិសោធជាក់ស្តែងរបស់ខ្លួនមកឆ្លងកាត់ការវាយតម្លៃទទួលស្គាល់ជំនាញដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ ឆាប់ទទួលបានឱកាសការងារ និងទទួលបានប្រាក់កម្រៃកាន់តែខ្ពស់។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៦ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីថ្លែងថា៖«កម្មវិធីតេស្តទទួលស្គាល់ជំនាញនេះ គឺជាច្រកមួយដ៏មានសារៈសំខាន់សម្រាប់បងប្អូនអាចយក ចំណេះដឹង បំណិន បទពិសោធន៍ពីការអនុវត្តការងារជាក់ស្ដែងរបស់បងប្អូនមកឆ្លងកាត់ការវាយតម្ល ទទួលស្គាល់ជំនាញ ដើម្បីអាចទទួលបានវិញ្ញាបនបត្រជាផ្លូវការ ដែលនឹងជួយឱ្យបងប្អូនអាចចាប់យកឱកាសការងារបានកាន់តែល្អប្រសើរ និងទទួលបានប្រាក់កម្រៃកាន់តែខ្ពស់»។


បេីតាមលោក ហេង សួរ ក្រសួងការងារបានដាក់ឱ្យអនុវត្តការធ្វើតេស្តវាយតម្លៃជំនាញមានពីមុន (RPL) ជូនដល់បងប្អូនអតីតពលករ មកពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមេសា លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលរ៉ាប់រងលើថ្លៃសេវាធ្វើតេស្តទាំងស្រុងជូនបងប្អូនពលករ៕
