ក្រុមអនុព័ន្ធយោធាបរទេស ចុះសង្កេតការណ៍នៅច្រកជ័យជំនះ ដែលកងទ័ពថៃ បានកាន់កាប់ដោយខុសច្បាប់
ពោធិ៍សាត់ ៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានចុះសង្កេតការណ៍នៅច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣៥នាទីរសៀល ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍នៅច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥៕







