ធនាគារពិភពលោក ផ្ដល់ហិរញ្ញាប្បទាន ៣០០លានដុល្លារ ជួយពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ដើម្បីបង្កើនឱកាសការងារ និងកំណើនសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ ការខ្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា។
ក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក នៅថ្ងៃនេះ បានអនុម័តដំណាក់កាលទីមួយនៃអភិក្រមកម្មវិធីពហុបំណង (Multiphase Programmatic Approach/MPA) សម្រាប់កម្មវិធីកែលម្អការតភ្ជាប់តំបន់ក្នុងប្រទេសកម្ពុជា (CRCI) ដែលមានកញ្ចប់ហិរញ្ញប្បទានសរុប ៣០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ។
ដំណាក់កាលទីមួយ ដែលមានតម្លៃ ១៥០ លានដុល្លារអាម៉េរិក នឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវដឹកជញ្ជូនដែលមានភាពធន់ តាមបណ្តោយផ្នែកខ្លះនៃហាយវ៉េអាស៊ី ២១ (Asian Highway 21/AH21) និងពង្រឹងសមត្ថភាពគ្រប់គ្រងឡូហ្ស៊ីស្ទិកជាតិ។
កម្មវិធីនេះរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១,៦ លាននាក់ រួមទាំងអ្នកប្រើប្រាស់ផ្លូវ និងសហគមន៍ដែលរស់នៅតាមបណ្តោយផ្លូវនេះ។ តាមរយៈការកែលម្អស្ថានភាពផ្លូវ និងប្រព័ន្ធឡូហ្ស៊ីស្ទិក, កម្មវិធី CRCI មានគោលបំណងគាំទ្រដល់ការបង្កើតការងារ, ពង្រីកលទ្ធភាពរកបានទីផ្សារ និងសេវាកម្ម, និងជំរុញការវិនិយោគឯកជនក្នុងវិស័យដូចជា ឡូហ្ស៊ីស្ទិក, កសិឧស្សាហកម្ម, សេវាកម្មដឹកជញ្ជូន, និងទេសចរណ៍។
លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា «កម្មវិធីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការតភ្ជាប់តំបន់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់យើង អាចបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម បានកាន់តែល្អជាងមុន»។
លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា «ធនាគារពិភពលោកប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា នៅពេលដែលប្រទេសនេះកំពុងខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចាំបាច់សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងការងារដែលមានគុណភាព»៕
