DAP News
ព័ត៌មានជាតិ

កម្ពុជា ចាត់ទុកតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចបំបែកបានទីទឹកដីរបស់ចិន

ភ្នំពេញ ៖ កម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនមួយ និងចាត់ទុកតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចបំបែកបានទីទឹកដីរបស់ចិន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស ស្ដីពី លទ្ធផលនៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិន។

តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។ ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីការរៀបចំប្រកបដោយ ជោគជ័យនូវកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាជាយុទ្ធសាស្ត្រ «២+២» កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវ មិត្តភាពដែកថែប ធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ។ ភាគីទាំងពីរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្ត ឱ្យបានពេញលេញនូវកុងសង់ស៊ីសជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ដែលសម្រេចបានរវាងថ្នាក់ដឹកនាំកម្ពុជា និង លោកប្រធានាធិបតី ស៊ី ជីនពីង។

ក្នុងន័យនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើន រួមមាន សន្តិសុខ-នយោបាយ ការពារជាតិ ពាណិជ្ជកម្មនិងវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីធានានូវវឌ្ឍនភាពបន្ថែមទៀតក្នុងការ អនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្គ»។

លើសពីនេះ រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការគាំទ្រទៅវិញទៅមកយ៉ាងរឹងមាំចំពោះផលប្រយោជន៍ ស្នូលរបស់គ្នាទៅវិញទៅមក។ ភាគីកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះ គោលការណ៍ចិនមួយ និងចាត់ទុកតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចបំបែកបានពីទឹកដីរបស់ចិន។ ភាគីចិន បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជា ក្នុងការជ្រើសរើសដោយឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ព្រមទាំងកោតសរសើរចំពោះតួនាទីកាន់តែសកម្ម និងប្រកបដោយ ស្ថាបនារបស់កម្ពុជា នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ៕

To Top