កម្ពុជា-កូរ៉េ ព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងបទល្មើសឆ្លងដែនបន្ថែមទៀត
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០២៦ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ (KNPA) ដឹកនាំដោយលោក YOO Jae Seong អគ្គស្នងការស្តីទីនគរបាលជាតិ បានបើកកិច្ចប្រជុំកំពូលនគរបាលជាតិកូរ៉េ-កម្ពុជា ជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា (CNP) ដឹកនាំដោយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីពិភាក្សាអំពីវិធីសាស្ត្រ យុទ្ធសាស្ត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាល នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ថ្នាក់ដឹកនាំ នៃកងកម្លាំងនគរបាលជាតិ នៃប្រទេសទាំងពីរ បានបង្ហាញនូវទស្សនៈរួមថា បណ្តាញឧក្រិដ្ឋកម្ម ឆ្លងដែន រួមទាំងក្រុមធ្វើប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ ពិភពលោក ដោយបានបញ្ជាក់នូវការប្តេជ្ញាចិត្តជាថ្មីថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរបស់កង កម្លាំងនគរបាល គឺមានសារៈសំខាន់ខ្លាំងក្នុងការធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំង២ និងការ កសាងសន្តិសុខសាធារណៈក្នុងតំបន់។

ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាន ដោយក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ ពលរដ្ឋកូរ៉េ (CKJTFK) អគ្គស្នងការនគរបាលជាតិទាំងពីរបានព្រមព្រៀងគ្នាពង្រីកវិសាលភាពប្រតិបត្តិការរបស់ ក្រុមការងារ CKJTFK។

បន្ទាប់ពីថ្នាក់ដឹកនាំ នៃកងកម្លាំងនគរបាលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើត ក្រុមការងាររួមនេះ នៅក្នុងកិច្ចប្រជុំកំពូល កាលពីខែតុលា ឆ្នាំ២០២៥ មន្ត្រីនគរបាលកូរ៉េបាននិងកំពុងធ្វើការរួមគ្នា ជាមួយមន្ត្រីនគរបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធផ្សេង ទៀតប្រឆាំងនឹងពលរដ្ឋកូរ៉េ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥កន្លងមក៕



