អ្នកនាំពាក្យរំលឹកឡើងវិញថា កម្ពុជានៅតែប្រកាន់ជំហរការពារខ្សែបន្ទាត់ព្រំដែន
ភ្នំពេញ ៖ លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ឡើងវិញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា នៅតែបន្តប្រកាន់ខ្ជាប់នូវការការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានម៉ឹងម៉ាត់ជាទីបំផុត។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែបន្តជំហរការពារទឹកនេះ ព្រោះតែសកម្មភាពការទូតដើម្បីការពារបូរណភាពទឹកដី ត្រូវបានធ្វើឡើងយ៉ាងសកម្ម និងឥតឈប់ឈរដោយប្រកាន់ខ្ជាប់ជានិច្ចតាមគោលការណ៍ ការការពារបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជូនឡើងវិញថា “កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក” ។
លោកបន្តថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ។
សូមបញ្ជាក់ថា តាមរយៈសកម្មភាពបែបការទូតនេះ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការពារជាតិបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅខេត្តពោធិ៍សាត់ នៅទីតាំងដែលកងទ័ពថៃបន្តកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់រាយលួសបន្លានិងទូរកុងតឺន័រ៕
