អភិបាលខេត្តកំពង់ចាម ៖ «មនសិការពលរដ្ឋល្អ» ជះឥទ្ធិពលវិជ្ជមានដល់សហគមន៍ និងប្រទេសជាតិ
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា «មនសិការពលរដ្ឋល្អ» មិនមែនគ្រាន់តែជាទ្រឹស្ដីនោះទេ ប៉ុន្តែវាគឺជាការអនុវត្តជាក់ស្ដែងតាមរយៈសកម្មភាពតូចៗប្រចាំថ្ងៃ ដែលជះឥទ្ធិពលវិជ្ជមានដល់សហគមន៍ និងប្រទេសជាតិ។


ទន្ទឹមនិងនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តែងតែលើកកម្ពស់ «មនសិការពលរដ្ឋល្អ» ជាស្នូលនៃសកម្មភាពរបស់ខ្លួន ដើម្បីបណ្តុះស្មារតីយុវជនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ នៅក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកក្លឹប នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ក្រោមប្រធានបទ «យុវជននិងអតីតកាលដើម្បីថែរក្សានិងស្ថាបនាអនាគត» នៅសាលាខេត្តកំពង់ចាម ។

ក្នុងឱកាសសំណេះសំណាលនោះដែរ លោកអភិបាលខេត្ត បានណែនាំឱ្យក្មួយៗ យុវជនទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ គោលជំហរច្បាស់លាស់ ក្នុងស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាតិ ការថែរក្សាការពារសន្តិភាព និងត្រូវយល់ដឹងពីតម្លៃនៃសន្តិភាព និងចូលរួមការពាររាល់សមិទ្ធផលសង្គម ស្របតាមទស្សនវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានសង្កត់ធ្ងន់លើពាក្យស្លោក «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ដែលមានន័យថា៖ “ពលរដ្ឋល្អ គឺជាបុគ្គលដែលមានទាំង សមត្ថភាព ចំណេះដឹង និងគុណធម៌ ទឹកចិត្តសប្បុរស ដើម្បីក្លាយជាកម្លាំងចលករក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

លោក អ៊ុន ចាន់ដា ថ្លែងបន្តថា ក្រោមម្លប់សុខសន្តិភាព និងភាពសម្បូរសប្បាយរបស់ប្រជាជន យើងខ្ញុំទាំងអស់គ្នា សូមគោរពអនុញ្ញាត សម្ដែងនូវការគោរព និងដឹងគុណយ៉ាងក្រៃលែងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ឯកដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយជោគជ័យតាំងពីដំណាក់កាលតស៊ូ ផ្ដួលរំលំរបបប្រល័យពូជ សាសន៍ និងបន្តដឹកនាំអនុវត្តនយោបាយ «ឈ្នះ-ឈ្នះ» រហូតទទួលបានសុខសន្តិភាព និង ឯកភាពជាតិពេញលេញ និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកំពង់ចាម ទទួលបានសមិទ្ធផល រូបវន្តជាច្រើនលើគ្រប់វិស័យ។


លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង៤ ទស្សវត្សរ៍ បន្ទាប់ពីថ្ងៃ៧មករា ១៩៧៩ មកដល់ ពេលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តរក្សាបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍលើគ្រប់វិស័យ៕
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
