ព័ត៌មានជាតិ

ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ជាវិធានការគន្លឹះ ស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល

ភ្នំពេញ ៖ រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា បានថ្លែងថា ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី គឺជាវិធានការគន្លឹះស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព និងយុត្តិធម៌។

ក្នុងវេទិកាកែទម្រង់លើកទី២ ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» លោក យក់ ប៊ុនណា បានថ្លែងថា ការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីនេះ អនុវត្តតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ដោយរាល់ដំណើរការប្រឡង មានការចូលរួមសង្កេតការណ៍យ៉ាងតឹងរ៉ឹងពីអង្គភាពប្រឆាំងអំពើពុករលួយ និងសាធារណជន ដើម្បីធានាទំនុកចិត្តខ្ពស់។

លោកថា ជាលទ្ធផលជាក់ស្តែង ចាប់ពីឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៦ ក្រសួងបានរៀបចំការប្រឡងចំនួន ៥៣លើក សម្រាប់ស្ថាប័នចំនួន១០ ដោយមានបេក្ខជនដាក់ពាក្យប្រកួតប្រជែងសរុបប្រមាណ ២៩ម៉ឺននាក់។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងបន្តរៀបចំការប្រឡងសម្រាប់ស្ថាប័នចំនួន៤បន្ថែមទៀត រួមមាន ៖ ក្រសួងការបរទេស ក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់វេទិកាកែទម្រង់លើកទី២ ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី»នេះត្រូវបាន លោក យក់ ប៊ុនណា បញ្ជាក់ថា រៀបចំឡើងក្នុងគោលបំណងចម្បងចំនួន៣ គឺ៖ ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់សាធារណជន , ផ្សព្វផ្សាយពីវឌ្ឍនភាពនៃការកែទម្រង់ និងបើកឱកាសប្រមូលធាតុចូល និងមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីយកទៅកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនាពេលអនាគត ៕

To Top