ព័ត៌មានជាតិ

ក្រសួងអប់រំ ហាមឃាត់ប្រើប្រាស់ ចែកចាយ ជួញដូរ និងផ្សាយពាណិជ្ជកម្មគ្រប់រូបភាព នៃបារីអេឡិចត្រូនិក ទាំងក្នុង និងជុំវិញបរិវេណគ្រឹះស្ថាន

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ និងការផ្សាយពាណិជ្ជកម្មគ្រប់រូបភាព នៃបារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ទាំងនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែង ហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី៩ មេសា នេះ ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត នាយកគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អ្នកគ្រប់គ្រងអន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា ត្រូវរៀបចំ និងអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព អំពីផលប៉ះពាល់នៃ ការប្រើប្រាស់ បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ដល់បុគ្គលិកអប់រំ អ្នកសិក្សា អ្នកលេងកីឡា និងសាធារណជន។

ក្រសួង បន្ដថា ត្រូវសហការជាមួយមាតាបិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់មុខសញ្ញា និងទីតាំងចែកចាយ ឬជួញដូរ បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ហើយរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់បានទាន់ពេលវេលា និងអនុវត្តវិធានការ តាមច្បាប់ជាធរមាន៕

To Top