ព័ត៌មានជាតិ

តំណាងយូណេស្កូ នឹងប្រឹងប្រែង​ ជួសជុលសម្បត្តិបេតិកភណ្ឌខ្មែរ ដែលបំផ្លិចបំផ្លាញ ដោយយោធាថៃ

ភ្នំពេញ ៖ តំណាងអង្គការយូណេស្កូ ដែលមានតូនាទីភារកិច្ច ថែទាំសម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបីរបស់កម្ពុជា បានសន្យានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីថា នឹងខិតខំប្រឹងប្រែងជួសជុលសម្បត្តិ បេតិកភណ្ឌកម្ពុជា ដែលរងការខូចខាតយ៉ាង ដំណំពីយោធាថៃ ។

លោកជា ធីរិទ្ធ អ្នកនាំព្រឹទ្ធសភា បានលើកឡើង ក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោនិងលោក Flavio Bonetti តំណាងអង្គការយូណេស្កូ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថា សម្តេតេជោលើកឡើង ពីសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ដែលបានចូលក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោកដូចជា ប្រាសាទព្រះវិហារនោះ ត្រូវបានយោធាថៃ វាយបំផ្លាញកម្ទេចចោល ក្នុងពេលថៃ ធ្វើសង្គ្រាមឈ្លានពានកម្ពុជា កាលពីចុងឆ្នាំ២០២៥ ។
ចំពោះការបំផ្លាញនេះ តំណាងយូណេស្កូប្រចាំកម្ពុជា បានសម្តែងការសោកស្តាយ និង ក្រៀមក្រំជាខ្លាំង ជាពិសេសប្រាសាទព្រះវិហារ តែម្តងដែលរងការខូចខាត ជាដំណំក្រោមស្នាដៃយោធាថៃ ។ ដោយលោកគូសបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើការងារ ជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការជួសជុល និងស្តារឡើងវិញ នូវសម្បត្តិបេតិកភណ្ឌ ដែលខូចខាតពីការបំផ្លិចបំផ្លាញដោយយោធាថៃ ។

សូមបញ្ជាក់ថា ក្នុងពេលភាគីថៃ ធ្វើសង្គ្រាមឈ្លានយោធាថៃបានបាញ់ប្រហារ២លើក មកលើប្រាសាទព្រះវិហារ បានធ្វើឱ្យសំណង់ស្ថាបត្យកម្ម ដែលស្ថិតនៅក្នុងស្ថានភាព ទម្រង់ដើម នៃប្រាសាទត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ការបាញ់ប្រហាររបស់ថៃ មកលើប្រាសាទព្រះវិហារលើកទី១ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ គឺរួមមានប្រាង្គប្រាសាទចំនួន ១៤២កន្លែង និងតំបន់ជុំវិញចំនួន ៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគីរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ លើកទី២ ចាប់ពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ ស្ថាបត្យកម្មសំខាន់ៗ ស្ទើរតែទាំងអស់ នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ទាំងអស់ និងជណ្តើរបុរាណខាងជើង បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ៕

To Top