ព័ត៌មានជាតិ

បញ្ជូនខ្លួននិស្សិតម្នាក់ទៅតុលាការ ក្រោយបើកបរក្នុងស្ថានភាពស្រវឹង បុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងឆេះរថយន្តនៅច្បារអំពៅ

ភ្នំពេញ៖ និស្សិតម្នាក់ដែលបើកបររថយន្តក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងជោកជាំ រហូតបង្កគ្រោះថ្នាក់ចរាចរណ៍ បុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង កាលពីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១:៤០ នាទីរំលងអាធ្រាត្រ ស្ថិតនៅត្រង់ចំណុចមុខវត្តវាលស្បូវ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច គ្រោះថ្នាក់នេះបង្កឡើងដោយ រថយន្តបង្ក៖ ម៉ាក LEXUS NX350 ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា .VSP.2727 បើកបរដោយឈ្មោះ វ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជានិស្សិត មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ (មិនមានបណ្ណបើកបរជាប់ខ្លួន)។ ភាគីរងគ្រោះ ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាក CITI PLUS ពណ៌ក្រហម (គ្មានផ្លាកលេខ) បើកបរដោយបុរសម្នាក់ (ស្លាប់នៅនឹងកន្លែង)។

មុនកើតហេតុ រថយន្តបង្កបានធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កដែលធ្វើដំណើរស្របទិសគ្នាពេញទំហឹង។ កម្លាំងបុកបានរុញច្រាន និងអូសម៉ូតូជាប់នៅក្រោមរថយន្ត ទៅបុកបង្គោលដងទង់ជាតិវត្តវាលស្បូវអស់ចំនួន ៣ដើម និងបង្គោលស្លាកសញ្ញាចំណតរថយន្តក្រុង ១ដើមទៀត ទើបរថយន្តទៅមុខលែងរួច។

ភ្លាមៗនោះ អគ្គិភ័យបានឆាបឆេះរថយន្តបង្កយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតមួយកំណាត់មុខយ៉ាងដំណំ និងឆេះម៉ូតូរងគ្រោះអស់ទាំងស្រុង ទើបកម្លាំងសមត្ថកិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យខណ្ឌច្បារអំពៅ ចេញមកបាញ់ទឹកជួយសង្គ្រោះ។

តាមការពិនិត្យវាស់វែងរបស់មន្ត្រីជំនាញ មូលហេតុចម្បងគឺអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ដោយពិនិត្យឃើញអត្រាជាតិអាល់កុលឡើងដល់ ០.៩២ មីលីក្រាម/លីត្រខ្យល់ដង្ហើម។

បច្ចុប្បន្ន អ្នកបើកបររថយន្តត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន៕

To Top