DAP News
ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់៖ ការធ្វើដំណើរតាមរថភ្លើង ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ ទទួលបានបទពិសោធដ៏អស្ចារ្យបីយ៉ាង

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការធ្វើដំណើរតាមរថភ្លើង ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ ទទួលបាននូវបទពិសោធដ៏អស្ចារ្យបីយ៉ាង “បដិសណ្ឋារកិច្ចដ៏ល្បីល្បាញ-ស្នាមញញឹមកម្ពុជា ទេសភាពបៃតងដ៏ស្រស់ត្រកាល គយគន់​មិនជិនណាយរបស់កម្ពុជា និងបច្ចេកវិទ្យាជប៉ុន ប្រកបដោយសុវត្ថិភាព” ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងសហការី បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់អំពីសក្តានុពល​ នៃការធ្វើដំណើរទេសចរណ៍ តាមរថភ្លើងពីរាជធានីភ្នំពេញទៅខេត្តកំពត អមដំណើរដោយតំណាងក្រុមហ៊ុន Royal Railway Cambodia ។

ក្នុងឱកាសទស្សនកិច្ច ដ៏មានសារៈសំខាន់ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរាជទូត បានអញ្ជើញចុះពិនិត្យលើទូររថភ្លើង និងអញ្ជើញធ្វើដំណើរតាមរថភ្លើងផ្ទាល់ ដោយបានកោតសរសើរ និងវាយតម្លៃ​ ចំពោះការរៀបចំដ៏ល្អរបស់ក្រុមហ៊ុន និងបទពិសោធថ្នាក់ទី១ នៃរថភ្លើង Kiha របស់ប្រទេសជប៉ុន ព្រមទាំងស្ថានីយរថភ្លើងភ្នំពេញ ជាសំណង់បេតិកភណ្ឌ ដែលបានសាងសង់តាំងពីសម័យអាណានិគមបារាំង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ ។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន Royal Railway ដែលបានផ្តល់កិច្ចសហការដ៏ល្អ​ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ព្រមទាំងការផ្តល់សេវាកម្មការ ដឹកជញ្ជូនភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងអ្នកធ្វើដំណើរ គ្រប់សញ្ជាតិរហូតមក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិ សាកល្បងបទពិសោធធ្វើដំណើរដោយរថភ្លើង ដែលអាចជួយកាត់បន្ថយ​ ការប្រើប្រាស់ប្រេងឥន្ធនៈ និងឱកាសគយគន់ ទេសភាពបៃតងដ៏ស្រស់ត្រកាល ប្រៀបដូចជាផ្ទាំងគំនូរពីឋានសួគ៌តាមផ្លូវ ជាពិសេសក្នុងរដូវកាលបៃតងនេះ។ 

គួរបញ្ជាក់ថា បណ្ដាញផ្លូវដែកនៅកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុន Royal Railway Cambodia មាន ២ ខ្សែសំខាន់ៗ រួមមានខ្សែផ្លូវដែកភាគជើង (ភ្នំពេញ–ប៉ោយប៉ែត) ឆ្លងកាត់ខេត្តពោធិ៍សាត់ និងបាត់ដំបង ព្រមទាំងខ្សែផ្លូវដែកភាគត្បូង (ភ្នំពេញ–ព្រះសីហនុ) ឆ្លងកាត់ខេត្តតាកែវ និងកំពតដែលជាខ្សែសំខាន់ សម្រាប់តភ្ជាប់រាជធានីភ្នំពេញ ទៅតំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍សំខាន់ៗ ទៀត។

ជាមួយគ្នានេះ សេវារថភ្លើងដឹកអ្នកដំណើររបស់ក្រុមហ៊ុន Royal Railway Cambodia បើកទទួលអ្នកដំណើរ ៣ ទៅ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ជាពិសេសនៅចុងសប្ដាហ៍ ដែលបានផ្តល់នូវភាពងាយស្រួល ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចគយគន់ទេសភាពដ៏ស្រស់ស្អាតតាមផ្លូវ ជាពិសេសតំបន់កំពង់ត្រាច និងតំបន់ឆ្នេរនិរតី ដែលមានទេសភាពភ្នំ៕

To Top