ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ ជំរុញការកសាងភាពធន់ដើម្បី «ការងារសមរម្យ» ខណៈកម្ពុជានឹងមានរោងចក្រផលិតក្រណាត់ក្នុងស្រុកនៅឆ្នាំ២០២៧ 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក)។

ក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធី លោក​រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីរបត់ថ្មីនៃវិស័យឧស្សាហកម្មកម្ពុជា ដោយបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជានឹងមានរោងចក្រផលិតក្រណាត់នៅក្នុងស្រុកដោយខ្លួនឯង ដែលនឹងជួយកាត់បន្ថយការនាំចូលពីខាងក្រៅ។ ការវិវឌ្ឍនេះ នឹងធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប កាន់តែមានភាពធន់ និងបង្កើនផលិតភាពខ្ពស់ជាងមុន។ លោក​បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៧ ខាងមុខ នៅពេលកម្ពុជាមានរោងចក្រផលិតក្រណាត់ដោយខ្លួនឯង វានឹងក្លាយជាខឿនការពារភាពធន់យ៉ាងរឹងមាំ ដែលមានកម្លាំងផលិតកម្មលើសពីជាង ៤០% ដែលជាកត្តាគន្លឹះក្នុងការរក្សាបាននូវការលើកលែងពន្ធសម្រាប់ការនាំចេញទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុបជាដើម។

ទន្ទឹមនឹងការរំលឹកពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ លោក​ ហេង សួរ បានពន្យល់ពីអត្ថន័យនៃប្រធានបទសម្រាប់ឆ្នាំ២០២៦ គឺ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។ ប្រធានបទនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បាននាំយកនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ ដែលបានផ្ដល់និយមន័យថា «ការងារសមរម្យ» គឺជាការងារដែលផ្ដោតលើសុខុមាលភាព មានលក្ខខណ្ឌការងារល្អប្រសើរ និងផ្តល់ប្រាក់កម្រៃខ្ពស់សម្រាប់បងប្អូនកម្មករនិយោជិត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដោយបានក្រើនរំលឹកថា ថ្ងៃទី១ ឧសភា គឺជាថ្ងៃរំលឹក ប៉ុន្តែការអនុវត្តជាក់ស្តែងគឺជាកាតព្វកិច្ចប្រចាំថ្ងៃដែលនិយោជក មន្ត្រីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ត្រូវតែបន្តសហការអនុវត្តតាមលក្ខខណ្ឌការងារឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំងចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕

To Top