ក.ប.ប. ទប់ស្កាត់ការចែកចាយ និងផ្គត់ផ្គង់ ផលិតផលទំនិញបង្កគ្រោះថ្នាក់ដល់សុខភាព
ភ្នំពេញ ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម បានចេញវិធានការ ទប់ស្កាត់ សកម្មភាព ឆ្លៀតឱកាសនាំចូល ចែកចាយ ផ្គត់ផ្គង់ ផលិតផលទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលទំនិញ ជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិនច្បាស់លាស់។
ការចេញវិធានការទប់ស្កាត់កុំឱ្យពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយដើម្បីធានាបាននូវការធ្វើធុរកិច្ចប្រកបដោយសុចរិត និងការពារបាននូវសុខុមាលភាពសាធារណៈ ។
វិធានការទាំងនោះរួមមាន ៖ មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ នូវ ផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់ សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ឬផលិតផលទំនិញជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិន ច្បាស់លាស់ ឬផលិតផលមិនមានភាពអនុលោម ជាដាច់ខាត និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ សុវត្ថិភាពផលិតផល ជាពិសេសផលិតផលម្ហូបអាហារ ជាអាទិ៍ លក្ខខណ្ឌទុកដាក់ កត្តាអនាម័យ ការវេចខ្ចប់ ការដឹកជញ្ជូន ការចែកចាយ និងការផ្គត់ផ្គង់ ។
ចំពោះអ្នកប្រើប្រាស់ និងសាធារណជន ៖ ត្រូវយកចិត្តទុកដាក់ បង្កើនការប្រុងប្រយ័ត្ន និងជៀសវាង ការទិញផលិតផលដែលសង្ស័យថាមានផ្ទុកសារធាតុគីមីហាមឃាត់ឬកែច្នៃលួចលាយសារធាតុដែលអាចគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលមានប្រភពមិនច្បាស់លាស់ ដែលបាននិងកំពុងលក់ ចែកចាយ ផ្គត់ផ្គង់ ក្នុងទីផ្សារ ព្រមទាំងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីមានវិធានការណ៍តាមនីតិវិធីនៃច្បាប់ជាធរមាន៕


