គណបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារសពចំនួន៣ ក្នុងសង្កាត់ប៉ាលហាល
ខេត្តព្រះវិហារ ៖ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ និងសង្កាត់ប៉ាលហាល បានចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកនូវគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាឧបត្ថម្ភ ដើម្បីសម្រាលទុក្ខលំបាកដល់គ្រួសារសពចំនួន ៣ ក្នុងតំបន់។

សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ ត្រូវបានដឹកនាំដោយ លោក ឯ សារ៉ូ ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ អមដំណើរដោយ លោក ឆាត់ សួន ប្រធានគណបក្សសង្កាត់ប៉ាលហាល ព្រមទាំងសហការី និងក្រុមការងារចុះជួយសង្កាត់។

ការយកចិត្តទុកដាក់ចំពោះគ្រួសារដែលកំពុងជួបទុក្ខក្រៀមក្រំ ក្នុងដំណើរចុះ សួរសុខទុក្ខនេះ ក្រុមការងារបានទៅដល់លំនៅឋាននៃគ្រួសារសពទាំង៣ រួមមាន៖
១. គ្រួសារសព លោក សៅ សុក រស់នៅភូមិសាមគ្គី។
២. គ្រួសារសព លោក ផាត ភើ រស់នៅភូមិហ្មសែត។
៣. គ្រួសារសព លោក លិត គន រស់នៅភូមិចំការស្រម៉ូវ។
អំណោយមនុស្សធម៌សម្រាប់គ្រួសារនីមួយៗ
ដើម្បីជាការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងជួយដោះស្រាយបញ្ហាជីវភាពចំពោះមុខ ក្នុងមួយគ្រួសារទទួលបាននូវអំណោយជាសម្ភារ និងថវិការួមមាន៖
ថវិកាចំនួន១២៥,០០០ រៀល
អង្ករ ១ បេ (ស្មើនឹង ២៥ គីឡូក្រាម)
មី ១ កេស ទឹកស៊ីអ៊ីវ ១ យួរ ទឹកត្រី ១ យួរ
ត្រីខកំប៉ុង ១ យួរ ទឹកបរិសុទ្ធ ១ កេសធំ
ក្នុងឱកាសនោះ លោក ឯ សារ៉ូ និងក្រុមការងារ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមការងារចុះជួយមូលដ្ឋាន ដោយបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែនៅក្បែរប្រជាពលរដ្ឋជានិច្ច មិនថាក្នុងកាលៈទេសៈសប្បាយ ឬជួបទុក្ខលំបាកនោះឡើយ។ សកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយសម្ភារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តយ៉ាងសំខាន់ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានភាពកក់ក្ដៅក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ៕
ដោយ៖ សួន ពិសិត|ដើមអម្ពិល
