រដ្ឋបាលខេត្តព្រះវិហារប្រារព្ធពិធីខួបលើកទី១៩ នៃទិវាអតីតយុទ្ធជន ជាមួយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការថ្មីនៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោក នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ។

ពិធីនេះត្រូវបានរៀបចំឡើងនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ស្របពេលដែលកម្ពុជារៀបចំអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (១២ ឧសភា)។ អគាររដ្ឋបាលថ្មីនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតដែលឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជម្រុញប្រព័ន្ធគាំពារដល់អ្នកដែលបានលះបង់ដើម្បីជាតិមាតុភូមិ។

បង្អែកដ៏រឹងមាំសម្រាប់សុខុមាលភាពអតីតយុទ្ធជនអគារទីស្នាក់ការថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើជាមជ្ឈមណ្ឌលរដ្ឋបាលដ៏ទំនើប ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ និងផ្តល់សេវាគាំទ្រដល់បងប្អូនអតីតយុទ្ធជនក្នុងតំបន់ឱ្យកាន់តែមានភាពកក់ក្តៅ។

ក្នុងប្រសាសន៍នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ទីស្នាក់ការនេះមិនត្រឹមតែជាកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលដោះស្រាយរាល់បញ្ហាប្រឈមនានា របស់បងប្អូនអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងសុន្ទរកថាគន្លឹះលោក នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងការដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ប្រធានសមាគម និង សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់។

យើងខ្ញុំសូមដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្ម ដែលមិនអាចកាត់ថ្លៃបានរបស់បងប្អូនអតីតយុទ្ធជន លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់។ ការលះបង់កម្លាំងកាយចិត្ត និងជីវិតរបស់បងប្អូន គឺជាគ្រឹះដ៏រឹងមាំក្នុងការកសាងសន្តិភាព និងឯករាជ្យភាពនៃមាតុភូមិយើង។


ពិធីសម្ពោធនេះ គឺជាការរំលឹកយ៉ាងច្បាស់នូវការគោរពដ៏ខ្ពង់ខ្ពស់របស់ជាតិចំពោះវីរភាពរបស់អ្នកដែលបានបម្រើជាតិ និងធានាថាស្មារតីនៃការស្វែងរកសន្តិភាព នៅតែជាស្នូលនៃការអភិវឌ្ឍប្រទេសកម្ពុជាជានិរន្តរ៍៕







ដោយ៖ សួន ពិសិត|ដើមអម្ពិល
