លោក ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អញ្ជើញបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពី ប្រតិភូសវនកម្មផ្ទៃក្នុង លោកស្នងការរងផែនការងារជំនាញ លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង.ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ.សង្កាត់។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការស្តីទី តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអានរបាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងលទ្ធផលការងារសំខាន់ៗរបស់ស្នងការដ្ឋាន ព្រមទាំងបានសម្តែងនូវការស្វាគមន៍ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមការងារសវនកម្មផ្ទៃក្នុង ដែលបានចុះបំពេញបេសកកម្មនៅអង្គភាព។

លោក ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ បានមានប្រសាសន៍ថា ការងារសវនកម្មផ្ទៃក្នុង គឺជាយន្តការដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពការងារ ការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងការបំពេញតួនាទីភារកិច្ចរបស់អង្គភាព ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងស្របតាមបទប្បញ្ញត្តិជាធរមាន។

លោក បានបញ្ជាក់ថា កិច្ចសវនកម្មនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍លើការអនុវត្តការងាររបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់គុណភាពការងារ និងធានាបាននូវប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ លោក ក៏បានណែនាំដល់ក្រុមការងារសវនកម្ម និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្តល់ឯកសារ និងព័ត៌មាននានាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យដំណើរការសវនកម្មប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

សូមបញ្ជាក់ថា កិច្ចសវនកម្មផ្ទៃក្នុងនេះ នឹងប្រព្រឹត្តទៅតាមផែនការកំណត់របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដោយផ្តោតលើការងារគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ និងការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាព សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ។


អត្ថបទនេះ÷ស្នងការនគរបាលខេត្តពោធិ៍សាត់
ខេម៉ា | ដើមអម្ពិល
