នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ខ្សែព្រំដែន មិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំងនោះទេ
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មានរួម ស្តីពីជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ នាល្ងាចថ្ងៃទី៧ ឧសភា នៅហ្វីលីពីន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits Accompis) នោះទេ។

សម្តេចធិបតី បានរំលឹកឡើងវិញថា «ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits Accompis) នោះទេ។ កម្ពុជា អំពាវនាវឱ្យមានការអនុវត្តដោយពេញលេញ និងភ្លាមៗនូវសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង»។
សម្ដេចធិបតី បន្ដថា ជាពិសេចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមា របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយគ្មានការពន្យារពេលបន្ដទៀត។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «យើងជឿជាក់ថា យន្ដការនេះ គឺពិតជាចាំបាច់ ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits Accompis) និងដើម្បីធានាថា អធិបតេយ្យភាព បូណភាពទឹកដី និងខ្សែព្រំដែនអន្ដរជាតិត្រូវបានគោរព ស្របតាមច្បាប់អន្ដរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ ការណ៍នេះ ក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្ដិភាពយូរអង្វែងរវាងប្រទេសទាំងពីរ»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា «យើងក៏បានពិភាក្សាផងដែរ អំពីទិសដៅទៅអនាគត សម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយនឹងការសម្រេចចិត្តរបស់កម្ពុជា ក្នុងការប្រើប្រាស់ «យន្ដការផ្សះផ្សារដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី នីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃ ចេញពីអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០១»។
លើសពីនេះ កម្ពុជា បានជឿជាក់ថា នេះគឺជាមាគ៌ាសន្ដិវិធី ដែលនឹងនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌ សម្រាប់ភាគីទាំងពីរ។ កម្ពុជា នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះដោយសន្ដិវិធី ផ្អែកលើច្បាប់អន្ដរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្ដេជ្ញាចិត្តដែលបានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងសេចក្ដីថ្លែងការណ៍ រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុន ប្រកបដោយស្មារតីស្ថាបនា ឆាប់រហ័ស និងដោយសុឆន្ទៈ៕
