DAP News
ព័ត៌មានជាតិ

គិតត្រឹមត្រី​មាស​ទី១ ឆ្នាំ​២០២៦​នេះ ក្រសួង​​ការ​ងារ​ហ្វឹក​ហ្វឺន​កូន​ជាង​សរុប​ប្រមា​ណ ១០,៦​ម៉ឺន​នាក់

ភ្នំពេញ៖ គិតត្រឹមត្រីមាស​ទី១ ឆ្នាំ២០២៦នេះ ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​សហ​ការជា​មួយ​វិស័យ​ឯក​ជន ក្នុងការជំរុញ​ឱ្យទទួល​យកសិស្ស​និស្សិត​ហា​ត់​ការ​នៅ​កន្លែង​ការងារ និងអនុវត្ត​កាតព្វ​កិច្ច​ហ្វឹកហ្វឺន​កូន​ជាង​ប្រមាណ ១០,៦ម៉ឺននាក់ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​កា​រងារនា​ពេលបច្ចុប្បន្ន និងអនាគត។

លោក ស៊ុន មេសា អ្នកនាំ​ពាក្យក្រ​សួង​ការ​ងារ និង​បណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈ​បាន​ថ្លែង​ថា ក្រសួងបាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​វិស័យ​ឯក​ជន ក្នុងការ​ជំរុញ​ឱ្យទ​ទួល​យក​សិស្ស​និ​ស្សិត ហាត់​ការ​នៅ​កន្លែង​ការ​ងារ និងអនុវត្ត​កាត​ព្វកិ​ច្ច​ហ្វឹកហ្វឺនកូនជាង ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ​២០២៦​នេះ បានហ្វឹកហ្វឺនកូនជាងសរុបប្រមាណ ១០,៦​ម៉ឺន​នាក់។

លោកបញ្ជាក់​ថា៖«ក្រសួងសូមអបអរសាទរចំពោះបងប្អូនយើងរាប់ម៉ឺននាក់ដែលទទួលបានការបណ្ដុះបណ្ដាល ការហ្វឹកហ្វឺន​កូនជាង ដើម្បីបង្កើន​សមត្ថភាព និង​ប្រសិទ្ធភាព​នៅក្នុង​រោងចក្រ ស​ហគ្រាស ដែលជាចំណែក​មួយដ៏​សំខាន់នៅក្នុងការ​ពង្រឹងដ​ល់ផលិ​តភាពរប​ស់កម្ម​ករ​និយោជិ​ត​ផង ហើយក៏ជាចំណែកសំខាន់មួយនៅក្នុងរោងចក្រ សហគ្រា​ស ដើម្បីបង្កើន​ផលិតភាព និងបង្កើ​តការប្រកួត​ប្រជែង ហើយយើ​ងក៏​នឹ​ក​ឃើញ​ចំពោះ​ការដាក់នូវ​អនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ក៏ចង់ឲ្យបង្កើនផលិត​កាន់តែខ្ពស់ ហើយសេដ្ឋកិច្ចរបស់រោងចក្រ សហ​គ្រា​សរីក​ចម្រើន​កាន់តែ​ខ្លាំ​ង​​ដែរ​»។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ហេង សួរ ដែលជាសេនាធិការរបស់រា​ជរដ្ឋាភិបាល ​បានប្រឹងប្រែងយ៉ាង​ខ្លាំងអនុវត្ត​យ៉ាងខ្ជា​ប់ខ្ជួននូវ​អនុ​សាសន៍​របស់​សម្ដេច​នាយករដ្ឋមន្រ្តី ធ្វើយ៉ា​ង​ណា​ឱ្យការអនុវត្ត​កាតព្វកិច្ចនេះកាន់តែមានប្រសិទ្ធភាព និងកាន់តែមាន​គុណ​ភាពបន្ថែ​មទៀត ដើម្បី​ឆ្លើយត​ប​ទៅ​នឹង​ត​​ម្រូវកា​រទី​ផ្សា​រនា​ពេល​បច្ចុប្ប​ន្ន និងទៅអ​នាគ​ត​។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។

លោកបានបន្ថែមថា ការហ្វឹក​ហ្វឺន​កូនជាង​នៅកម្ពុជា​ពិតជា​មាន​គុណ​តម្លៃ​យ៉ាង​ខ្លាំងចំ​ពោះ​វិស័យ​អប់រំបណ្តុះ​បណ្តាល​បច្ចេ​ក​ទេស និ​ងវិជ្ជា​ជីវៈ ជាពិ​សេស​សម្រាប់ការ​អនុវត្តការហ្វឹក​ហ្វឺនកូន​ជាងប្រកប​ដោយ​គុណ​ភា​ព។

លោក​បានអំពាវនាវឱ្យ​មានកា​រចូល​រួមពីវិស័យឯកជន និងដៃគូ​ពាក់​ព័ន្ធ​ បន្តអនុវត្តកាព្វកិច្ចហ្វឹកហ្វឺនកូនជាង គាំទ្រទាំ​ង​ផ្នែ​កបច្ចេកទេ​ស និងថវិកា ដើម្បីបង្កភាពងាយស្រួលក្នុងការហ្វឹក​ហ្វឺន​កូន​ជាងឱ្យស្រប​តាមប​រិបទទីផ្សារ​ការងារនៅកម្ពុជា និងបន្ត​ផ្សព្វ​ផ្សាយ​លើ​នី​តិវិធីហ្វឹក​ហ្វឺនកូ​ន​ជាង​ឱ្យ​កាន់​តែ​ទូលំ​ទូ​លាយ​៕

To Top