ព័ត៌មានជាតិ

សម្តេចធិបតី ជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនរវាង កម្ពុជា-វៀតណាម ឱ្យមានភាពសាមញ្ញ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនរវាង កម្ពុជា-វៀតណាម ឱ្យមានភាពសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួលផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។

ការជំរុញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វេីឡេីងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ប្រព្រឹត្តទៅ នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមលើគ្រប់វិស័យ និងបានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀតនៅពេលអនាគត។

សម្ដេចធិបតី ក៏ បានគូសបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២០ ប៊ីលានដុល្លារអាមេរិក និងបានស្នើវិនិយោគិនវៀតណាមបន្តមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

សម្ដេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពន្លឿនការកំណត់ទីតាំងតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។

បន្ថែមលើនេះ សម្ដេចធិបតី បានជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនឱ្យមានភាពសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានពិភាក្សាលើគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សន្ដិសុខ និងការពារជាតិ, សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន៕

To Top