រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ការគាំទ្រចំគោលដៅចាំបាច់សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ នៃការវិនិយោគផ្ទាល់ពីបរទេស
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកាវិនិយោគកម្ពុជា។ ក្នុងវេទិកានេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ការគាំទ្រចំគោលដៅគឺចាំបាច់សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គង់ផ្គង់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។
លោករដ្ឋមន្ដ្រី បានលើកឡើងពីភាពចាំបាច់នៃការធ្វើសាមញ្ញកម្មសេវាសាធារណៈ និងការគាំទ្រពីគ្រប់តួអង្គ រួមទាំងវិស័យហិរញ្ញវត្ថុ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចពង្រឹងសមត្ថភាព និងភ្ជាប់ទៅនឹងគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ការរៀបចំតំបន់សហគ្រាសធុនតូច និងមធ្យម នៅជិត នៅជាប់ ឬនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) គឺជាវិធានការគន្លឹះមួយ ក្នុងការពង្រឹងឧស្សាហកម្មប្រតិគមន៍ ដែលអនុញ្ញាតឱ្យសហគ្រាសក្នុងស្រុកផ្គត់ផ្គង់ទៅកាន់រោងចក្រដែលផលិតសម្រាប់ការនាំចេញ។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវការការគាំទ្រពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរឹងមាំ ជាពិសេសស្តង់ដារូបនីយកម្ម សេវាធ្វើតេស្តវិភាគ និងវិញ្ញាបនបត្រកម្ម ដើម្បីបំពេញតម្រូវការនៃឧស្សាហកម្មធុនធំ និងទីផ្សារនាំចេញ។
លោករដ្ឋមន្ដ្រី បានបន្ថែមថា «ជាមួយនឹងការគាំទ្រត្រឹមត្រូវចំគោលដៅ សហគ្រាសធុនតូច និងមធ្យមអាចពង្រីកខ្លួន ផ្គត់ផ្គង់ទៅឱ្យគម្រោងវិនិយោគផ្ទាល់ពីបរទេស និងដើរតួកាន់តែសំខាន់ក្នុងអនាគតឧស្សាហកម្មកម្ពុជា»៕
