អាជ្ញាធរបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់ ក្នុងតំបន់ការពារ ប៉ុន្តែប្រឈមនឹងឥទ្ធិពល ខ្សែរយៈពីក្រោយខ្នង
ខេត្តព្រះវិហារ ៖ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិដ៏តានតឹងមួយ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក បានចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង ដែលត្រូវបានគេសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងកូនប្រុសរបស់ឧកញ៉ាដ៏មានឥទ្ធិពលម្នាក់។

សកម្មភាពបង្ក្រាប និងវត្ថុតាងនៅហ្នឹងកន្លែងក្រុមការងារដឹកនាំដោយ លោក នង វុទ្ធា អនុប្រធានការិយាល័យទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក រួមជាមួយមន្ត្រីឧទ្យានុរក្ស ចំនួន៥ រូប បានធ្វើការល្បាតដល់ចំណុចភ្នំកី (និយាមកា ៤៤៥៦៥៣-១៥០១២១៧) ក្នុងភូមិសាស្ត្រភូមិអូរចាក់ស្រា ឃុំស្រយង់ត្បូង ស្រុកគូលែន។ ជាលទ្ធផល កម្លាំងជំនាញបានរកឃើញសកម្មភាពកាយរុករករ៉ែដោយគ្មានច្បាប់អនុញ្ញាត។

នៅក្នុងប្រតិបត្តិការនេះ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវគ្រឿងចក្រ និងមធ្យោបាយល្មើសច្បាប់ រួមមាន៖ គ្រឿងចក្រអេស្កាវទ័រ Excavator ម៉ាក XCMG ចំនួន ០១គ្រឿងម៉ាស៊ីនហ្សាស័រសម្រាប់កាយដី ចំនួន ០១គ្រឿង ម៉ូតូ VIVA ពណ៌ខ្មៅ ស្លាកលេខ ខ54.15-ស រ 1 ចំនួន ០១ គ្រឿង
បច្ចុប្បន្ន កម្លាំងឧទ្យានុរក្សកំពុងយាមកាមនៅទីតាំងកើតហេតុ ដើម្បីការពារវត្ថុតាង និងរង់ចាំការសម្រេចបន្តតាមនីតិវិធីច្បាប់។

វិបត្តិ ឥទ្ធិពលអំណាច លើសសរស្តម្ភនៃច្បាប់អ្វីដែលជាចំណុចរសើបនៃករណីនេះ គឺការលើកឡើងពីមន្ត្រីជំនាញ បរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា ទីតាំងរុករករ៉ែនេះត្រូវបានការពារដោយ ខ្នងបង្អែក ដ៏រឹងមាំ។

យោងតាមប្រភពពីប្រជាពលរដ្ឋ និងមន្ត្រីនៅទីនោះ ឈ្មោះរបស់ កូនឧកញ៉ា ម្នាក់ដែលមានទាំងទ្រព្យសម្បត្តិ និងអំណាច បានក្លាយជា របាំង ធ្វើឱ្យអាជ្ញាធរថ្នាក់ក្រោម និងមន្ត្រីអនុវត្តច្បាប់មានការរារែកក្នុងការចាត់វិធានការ។

ស្ថានភាពនេះបានឆ្លុះបញ្ចាំងពី វប្បធម៌ខ្លាចរអែង ដែលធ្វើឱ្យច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ មិនអាចអនុវត្តបានពេញលេញ។ ការប្រើប្រាស់ឥទ្ធិពលបុគ្គលមកសង្កត់លើប្រព័ន្ធច្បាប់ បណ្ដាលឱ្យមានការបំផ្លិចបំផ្លាញធនធានធម្មជាតិដោយអនាធិបតេយ្យ និងខ្វះតម្លាភាព។

តាមការឲ្យដឹងពីលោកមេធាវី ម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះរូប និង សំឡេង បានឲ្យដឹងថា៖ តាមផ្លូវច្បាប់ និងវិធានការឆ្លើយតបដើម្បីលើកកម្ពស់នីតិរដ្ឋ និងការពារសម្បត្តិធម្មជាតិរបស់ជាតិ បទល្មើសនេះគួរត្រូវបានពិនិត្យលើទិដ្ឋភាពច្បាប់ដូចខាង ក្រោម៖

១.ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៨ ការរុករករ៉ែក្នុងតំបន់ការពារដោយគ្មានការអនុញ្ញាតពីក្រសួងបរិស្ថាន គឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី១ ឬទី២ ដែលត្រូវប្រឈមនឹងការរឹបអូសវត្ថុតាង និងទោសពន្ធនាគារ។
២.ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ រាល់សកម្មភាពកាយដីរុករករ៉ែដោយគ្មានអាជ្ញាប័ណ្ណ គឺជាអំពើខុសច្បាប់ដែលត្រូវផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ។
៣.ការប្រឆាំងនឹងអំពើពុករលួយ និងការរំលោភអំណាច ប្រសិនបើរកឃើញថាមានការប្រើប្រាស់អំណាចគ្រួសារដើម្បីកាងបទល្មើស នោះវាគឺជាការរំលោភលើគោលការណ៍អភិបាលកិច្ចល្អ ដែលរាជរដ្ឋាភិបាលកំពុងតែរឹតបន្តឹង។
ដូចគ្នានេះដែរ មតិសាធារណៈកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើវត្ថុតាងដែលដកហូតបានទាំងនេះ នឹងត្រូវចាត់ការតាមច្បាប់ដោយតម្លាភាព ឬក៏ត្រូវរលាយសាបសូន្យក្រោមឥទ្ធិពលនៃ លុយ និងអំណាច របស់បុគ្គលម្នាក់នោះ? នេះគឺជាការសាកល្បងដ៏សំខាន់មួយសម្រាប់ប្រព័ន្ធយុត្តិធម៌ និងការប្តេជ្ញាចិត្តរបស់ក្រសួងពាក់ព័ន្ធ ក្នុងការលុបបំបាត់បទល្មើសធនធានធម្មជាតិនៅកម្ពុជា៕
ដោយ៖ សួន ពិសិត|ដើមអម្ពិល
