ក្រសួងបរិស្ថាន បន្តជំរុញប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថាន
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បន្តជំរុញឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថាន និងយល់ដឹងពីការទុកដាក់សំរាម និងសំណល់បា្លស្ទិក តាមរយៈការចែកធុងសំរាមឱ្យដល់មូលដ្ឋាន។

លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បែបនេះ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអថិបតិ ក្នុងពិធីប្រគល់ជូនធុងសំរាម ចំនួន២៧៦៦ ធុង បន្ថែមទៀត លើចំនួនធុងចែកជូនមូលដ្ឋានសុខាភិបាល តាមរយៈក្រសួងសុខាភិបាលនាពេលកន្លងទៅ សរុបចំនួន៣ ១៥៥ ធុង ដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីចែលជូនដល់ សាលារៀន និងមូលដ្ឋានសុខាភិបាល។

លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានបន្តចែកធុងសំរាមជូនដល់មូលដ្ឋានខេត្តនានា ក្នុងឆ្នាំ២០២៦ គឺជាសកម្មភាពជំរុញ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមកាត់បន្ថយបរិមាណសំរាម និងសំណល់ប្លាស្ទិក កាត់បន្ថយការបំពុល ផលប៉ះពាល់បរិស្ថាន សុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ចាប់ពីកម្រិតតាមមូលដ្ឋាន ព្រមទាំងការចូលរួមទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាការគាំទ្រ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ប្រភេទ អង្គការសមាគម សង្គមស៊ីវិល ដៃគូសហការ និងអភិវឌ្ឍន៍ជាតិ អន្តរជាតិ ព្រមទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវភារកិច្ច ដោយការទទួលខុសត្រូវ លើការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ឱ្យកម្ពុជាសម្រេចបាននូវគោលដៅ ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។

សូមបញ្ជាក់ថា តាមការគ្រោងទុក ក្រសួងបរិស្ថាន នឹងផ្តល់ជូនធុងសំរាម ឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេស សរុប ចំនួន ៥៥ ៥០០ធុង និងសម្រាប់ប្រើប្រាស់ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕
