កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ

កាលពីវេលាម៉ោង១៥:៣៦នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានធ្វើការបង្រ្កាបករណីគ្រឿងញៀនចំនួន ០១ករណី ស្ថិតនៅចំណុចផ្លូវ៥១ ភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ស្រី ០១នាក់)។ ជនសង្ស័យមានឈ្មោះ ញិល ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ អ្នកគួកជេម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិចតុទិស ឃុំវិហារលួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល និងម្នាក់ទៀតមានឈ្មោះ ចាន់ រតនា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ អ្នករត់តុហាង មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញកងរាជអាវុធហត្ថ លុះមកដល់វេលាម៉ោង១០:៣៩នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានកំណត់មុខសញ្ញា និងបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់បន្ថែមទៀត ស្ថិតនៅចំណុចផ្លូវ៥១ ភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ ភ័ណ្ឌ ស៊ីដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ មានទីលំនៅបច្ចុប្បន្ន ភូមិចុងកោះ ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល និងម្នាក់ទៀតមានឈ្មោះ កុប អ៊ីស្រ៊ី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ លក់បន្លែ មានទីលំនៅបច្ចុប្បន្ន ភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៥កញ្ចប់ (ទម្ងន់ ១២.៦០ក្រាម)
-ទូរសព្ទ័ដៃ ចំនួន ០៥គ្រឿង
-ជញ្ជីងអេឡិចត្រូនិចថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង
-ម៉ូតូ ចំនួន ០២គ្រឿង (ម៉ាក zusiki Rider ពណ៌ក្រហមលាយខ្មៅ ភំ្នពេញ 1CN-8275 និងម៉ាកឌ្រីមសង់ ២០២៦ ពណ៌ខ្មៅ ភំ្នពេញ 1LW-1884)
-កូនកាបូបចំនួន០២
-កាបូបស្ពាយចំនួន០២
-នាឡិកាដៃចំនួន ០៣ (ខូចចំនួន០២)
-សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕




