ព័ត៌មានជាតិ

លោក គន់ គីម ៖ គ្រូបង្រៀនបានយកចិត្តទុកដាក់ បង្រៀនសិស្សជាជនភៀសសឹក

ភ្នំពេញ ៖ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយលោក គន់ គីម បានកោតសរសើរដល់គ្រូបង្រៀន ដែលបានលះបង់កំលាំងកាយចិត្តធំធេង ក្នុងការបង្រៀនកូនសិស្សជាជនភៀសសឹក ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក កំពុងសិក្សានៅសាលារៀនបណ្តោះអាសន្ន នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែឧសភា លោក គន់ គីម លើកឡើងថា បើទោះបីស្ថិតក្នុងកាលៈទេសៈយ៉ាងណាក្តី ក៏លោកគ្រូ អ្នកគ្រូ បានខិតខំបង្រៀនសិស្សានុសិស្សដោយយកចិត្តទុកដាក់ ដើម្បីបន្តធានាមូលធនមនុស្សក្លាយជាយុវជនល្អ ប្រកបដោយគុណភាពក្នុងសង្គមជាតិ។

លោកថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកំណត់ពីអាទិភាពក្នុងការដោះស្រាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ដោយមិនឱ្យពួកគាត់ខ្វះខាតចន្លោះកន្លែងណាមួយឡើយ ។
 
លោកបន្ថែម ការយកចិត្តទុកដាក់នេះ តាមរយៈការសាងសង់ផ្ទះបណ្តោះអាសន្ន តាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា , ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖ ផ្លូវ អគ្គិសនី និងទឹកស្អាត ព្រមទាំងការឧបត្ថម្ភគាំទ្រ ដល់ជីវភាពប្រចាំថ្ងៃ និងការរៀបចំសាលារៀន សម្រាប់សិស្សានុសិស្សបានបន្តការសិក្សា ក្នុងគ្រាដែលរាជរដ្ឋាភិបាលបានកំពុងស្វែង រកដំណោះស្រាយតាមគ្រប់មធ្យោបាយ ក៏ដូចជាផ្លូវច្បាប់អន្តរជាតិ លើបញ្ហាព្រំដែន ៕

To Top