លោក គន់ គីម ប្រាប់ប្រធានបេសកកម្មអន្តរជាតិកាកបាទក្រហម ពីស្ថានភាពជនភៀសសឹក
ភ្នំពេញ ៖ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) លោកបណ្ឌិត គន់ គីម បានរៀបរាប់ពីស្ថានភាពជនភៀសសឹករបស់កម្ពុជា ទៅប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមថា រាជរដ្ឋាភិបាលកំពុងដោះស្រាយឱ្យពួកគាត់ជាបណ្តើរៗ។
គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន ១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣២.៨៤៣នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។

ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមចូលសម្តែងការគួរសម នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក គន់ គីម ប្រាប់ទៅលោកស្រីអំពីស្ថានភាព និងការអន្តរាគមន៍ឆ្លើយតបរបស់រាជរដ្ឋាភិបាលសម្រាប់ប្រជាពលរដ្ឋភៀសសឹក ចាប់តាំងពីពេលមានជម្លោះព្រំដែនរហូតមកទល់ពេលនេះ គឺការដោះស្រាយបានធ្វើឡើងជាជំហានៗជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

លោកបន្តថា ដោយសារផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹកតាមបណ្តោយព្រំដែននៃខេត្តទាំង៣ រងការខូចខាត និងខ្លះរងការបំផ្លិចបំផ្លាញទាំងស្រុង រាជរដ្ឋាភិបាលបានសាងសង់ផ្ទះបណ្តោះអាសន្នតាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើងជាដើម។

លោកបន្ថែមថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ចុះអនុវត្តដោយធ្វើយ៉ាងណាឱ្យការអន្តរាគមន៍ឆ្លើយតបជូនប្រជាពលរដ្ឋភៀសសឹកទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។


ជាកិច្ចឆ្លើយតប លោកស្រី ដ័រសា ណាហ្សេមី សាល់មាន បានថ្លែងអំណរគុណលោកបណ្ឌិត គន់ គីម ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការចែករំលែកបទពិសោធន និងពីយន្តការនានាដែលបានអនុវត្ត និងសម្រេចជាលទ្ធផលជូនប្រជាពលរដ្ឋភៀសសឹក។ ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមអះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការរួមចំណែកលើសកម្មភាពមនុស្សធម៌ជាមួយរារដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា សំដៅរំលែកការលំបាកសម្រាប់ប្រជាពលរដ្ឋភៀសសឹក៕
